ភ្នំពេញ ÷ យុវជនម្នាក់បានមកប្តឹងសមត្ថកិច្ច ក្រោយពេលដឹងថា ខ្លួនចាញ់បោកគេ សមត្ថកិច្ចរុញដាក់គ្នា មិនទទួលពាក្យបណ្តឹងនោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យុវជនរងគ្រោះខាងលើមានឈ្មោះ នៀង នាត ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ស្នាក់នៅជាមួយបងប្រុស នៅបន្ទប់ជួលម្តុំតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល ខណ្ឌកំបូល។
តាមការរៀបរាប់ទាំងទឹកមុខក្រៀមក្រំ របស់យុវជនរងគ្រោះខាងលើនេះ បានឲ្យដឹងថា រូបគេទើបតែចាកចេញពីស្រុកកំណើត នៅឯខេត្តកំពង់ឆ្នាំង មកកាន់ទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ ហើយមកស្នាក់នៅជាមួយបងប្រុស នៅបន្ទប់ជួលបានរយ:ពេល២ថ្ងៃ ហើយនៅព្រឹកមិញ មុនពេលកើតហេតុនេះ យុវជនខាងលើបានជិះម៉ូតូ ចេញមកក្រៅម្តុំតំបន់សេដ្ឋកិច្ចពិសេស ហើយក៏បានអង្គុយហូបបបរ នៅហាងមួយកន្លែង ស្របពេលនោះ ក៏មានក្រុមឆបោកមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូចំនួន២គ្រឿង បានចូលមកហូបបបរក្បែរយុវជនរងគ្រោះដែរ ខណ:ក្រុមឆបោកឃើញយុវជនរូបនេះ មានពាក់ខ្សែដៃនិងម៉ូតូផងនោះ ក៏បានសួរនាំយុវជននេះថា ប្អូនមកពីណា យុវជនខាងលើបានឆ្លើយតបវិញថា ខ្ញុំមកពីខេត្តកំពង់ឆ្នាំង ខ្ញុំមករកការងារធ្វើបង ខណ:ក្រុមជនឆបោកបានអះអាង រកការងាររោងចក្រឲ្យយុវជននេះធ្វើ ដោយប្រាប់ចង់ធ្វើការរោងចក្រកាត់ដេរ អត់បងនាំចូល យុវជនរូបនេះប្រាប់ទាំងទឹកមុខត្រេកអរថា ចង់ធ្វើតើបង ពេលនោះជនសង្ស័យសួរថា មានលុយក្នុងខ្លួនខ្លះទេ ដើម្បីទៅពិនិត្យឈាមនិងធ្វើសៀវភៅការងារ នៅក្រសួងការងារ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យ ក៏បាននាំជនរងគ្រោះជិះម៉ូតូមកក្រសួងការងារ លុះដល់ចំណុចក្រោមស្ពានអាកាស៧មករា ក្រុមជនឆបោកបានឲ្យជនរងគ្រោះដោះខ្សែដៃ យកទៅបញ្ចាំ ដើម្បីយកលុយទៅពិនិត្យឈាម ធ្វើសៀវភៅការងារឲ្យ ក្រោយពេលយុវជនរងគ្រោះខាងលើនេះ បានដោះខ្សែដៃប្លាទីនមួយខ្សែតម្លៃ១លានរៀល ឲ្យក្រុមជនឆបោករួច ស្រាប់តែក្រុមឆបោកជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង ដោយឲ្យជនសង្ស័យចាំរូបគេ នៅក្រោមស្ពានសិន។

ដោយដឹងថាខ្លួនចាញ់បោកគេ យុវជនរូបនេះ បានជិះម៉ូតូមកឲ្យនគរបាលចរាចរណ៍ក្រុង ដែលឈរជើងនៅក្បែរនោះជួយ តែដោយសារករណីនេះ ជាករណីឆបោក ទើបសមត្ថកិច្ចចរាចរណ៍ក្រុង ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់ទី១វិញទៅ។
ខណ:យុវជនរងគ្រោះខាងលើ បានមកដល់ប៉ុស្តិ៍ទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សមត្ថកិច្ចក៏បានសួរនាំជនរងគ្រោះ រួចរាល់ហើយក៏បានឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅខណ្ឌកំបូលវិញទៅ ព្រោះរឿងនេះផ្តើមចេញនៅខណ្ឌកំបូល។
ចំណែកជនរងគ្រោះគាត់ខ្ជិលវែងឆ្ងាយតទៅទៀត គាត់ក៏សម្រេចចិត្តឈប់ប្តឹង ហើយជិះម៉ូតូទៅបន្ទប់ជួលរបស់បងប្រុសវិញទៅ៕ រក្សាសិទ្ធិដោយ÷សួង សាម