ខេត្តសៀមរាប ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការ គឺសុំផ្អាកការដឹកជញ្ជូនជនជាប់ឃុំពីពន្ធនាគារខត្តសៀមរាប ឡើងសវនាការសាលាដំបូងខេត្តសៀមរាប ចំនួន ២០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយសារមូលហេតុអង្គភាពពន្ធនាគារ បានប្រមូលកម្លាំងមន្ត្រី ធ្វើចត្តាឡីស័កនៅអង្គភាព។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូន លោកអនុប្រធានសាលាដំបូង លោក លោកស្រីព្រះរាជអាជ្ញារង លោក លោកស្រីចៅក្រម លោក លោកស្រី ក្រឡាបញ្ជី មន្ត្រីរាជការនៃលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានពន្ធនាគារខេត្តសៀមរាប លោក លោកសី មេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា ៖ ដោយសារស្ថានភាពនៃការចម្លងជំងឺ កូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តមិនទាន់អាចបិទបញ្ចប់ ក៏ដូចជាដើម្បីចូលរួម ធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឲ្យមានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ហើយព្រមទាំងទទួលបានលិខិតលេខ ១៦៣៥/២១ ព.គ.ខ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ របស់ពន្ធនាគារខេត្តសៀមរាប ដែលមានកម្មវត្ថុ សំណើសុំផ្អាកការដឹកជញ្ជូន ជនជាប់ឃុំពីពន្ធនាគារខត្តសៀមរាប ឡើងសវនាការសាលាដំបូងខេត្តសៀមរាបចំនួន ២០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយសារមូលហេតុអង្គភាពពន្ធនាគារបានប្រមូលកម្លាំងមន្ត្រីធ្វើចត្តាឡីស័កនៅអង្គភាព។
អាស្រ័យហេតុនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមលើកពេលសវនាការ សំណុំរឿងដែលមានជនជាប់ឃុំ ដែលគ្រោងធ្វើនៅចន្លោះពីថ្ងៃទី០៥ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿង ដែលជាករណីចាំបាច់មួយចំនួន ដែលលោកអនុប្រធានសាលាដំបូង លោក លោកស្រីចៅក្រម ត្រូវពិនិត្យមើលជាក់ស្តែង ទៅតាមច្បាប់ជាធរមាន។
ដោយឡែក ចំពោះការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋ នៅដំណើរការ ជាធម្មតា។ ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ រួមគ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយគោរពឲ្យបាន ត្រឹមត្រូវបំផុតនូវវិធានការសុខាភិបាលគឺៈ ៣ ការពារ(ត្រូវលាងដៃ ត្រូវពាក់ម៉ាស់ និងត្រូវរក្សាគម្លាត) និង ៣ កុំ (កុំទៅកន្លែងមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិត និង កុំប៉ះពាល់គ្នា)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ