ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា និងចំពោះកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ក្នុងការរួមចំណែកដល់ការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ស៊ុយអែត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអរគុណដល់ប្រទេសស៊ុយអែត សម្រាប់ជំនួយអភិវឌ្ឍន៍មកដល់កម្ពុជា ហើយកម្ពុជា និងស៊ុយអែត បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យសំខាន់ៗ រួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស អប់រំ យេនឌ័រ កសិកម្ម បរិស្ថាន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនក៏បានជូនពរលោកឯកឧត្តម ឱ្យទទួលបានជោគជ័យបន្ថែមទៀត នៅក្នុងបេសកកម្មថ្មីរបស់ឯកឧត្តម និងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញ របស់ក្រសួង ដល់ឯកអគ្គរាជទូតថ្មីដែលមកជំនួស ឯកឧត្តម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



