Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP សាទររដ្ឋាភិបាលកម្ពុជា ពីការឈានមុខ ក្នុងការផ្តល់សិទ្ធិអំណាច ដល់ជនមានពិការភាព

ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានកោតសរសើរដល់ប្រទេសកម្ពុជា ថាជាប្រទេសឈានមុខគេមួយនៅលើពិភពលោក នៅពេលដែលនិយាយអំពីការផ្តល់សិទ្ធិអំណាច ដល់ជនមានពិការភាព។

លោក Nick Beresford តំណាងប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានមានប្រសាសន៍ថា លោកមានការរីករាយដោយបានមើលឃើញ អំពីការអភិវឌ្ឍនិងសមិទ្ធផលនៃកម្មវិធីពិការភាពរបស់ប្រទេសកម្ពុជា ហើយតែមានភាពប្រសើរឡើងគ្រប់ពេលវេលា។

លោក Nick បានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃទី៥ ខែកក្កដា ជាមួយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។

កិច្ចជំនួបនេះ មានគោលបំណងដើម្បីពិភាក្សា អំពីការកែលម្អកម្មវិធីពិការភាពឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនៅកម្ពុជា។ លោក Nick Beresford បានកោតសរសើរប្រទេសកម្ពុជាថាជា“ ប្រទេសឈានមុខគេមួយ” លើការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោកថា នេះគឺជាការឆ្លុះបញ្ចាំងនិងធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ។ លោក Nick Beresford បានបន្ថែមទៀតថា បើទោះបីជាមានការរឹតបន្តឹងពាក់ព័ន្ធវិធានសុវត្ថិភាពសុខាភិបាលដើម្បីពង្រឹងស្ថានភាព Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនមានន័យថាកិច្ចសហការអន្តរជាតិរវាង UNDP និងអគ្គលេខាធិការដ្ឋាក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបញ្ឈប់នោះទេ ហើយថា UNDP នឹងបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាពនាពេលខាងមុខតទៅទៀត។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងធ្វើការរៀបចំសេចក្តីព្រាងច្បាប់ថ្មី សម្រាប់ជនមានពិការភាពកម្ពុជា។ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍អរគុណចំពោះការគាំទ្ររបស់ UNDP ហើយលោករដ្ឋលេខាធិការក៏កំពុងទន្ទឹងរងចាំ គម្រោងថ្មីជាច្រើនទៀត ដើម្បីជួយដល់តម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើការភាពជាដៃគូរជាមួយ UNDP គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលជនមានពិការភាពមានតម្រូវការ និងការយល់ដឹងឱ្យបានច្រើន អំពីវិធីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×