ភ្នំពេញ ៖ បុរសជាប់ចោទជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី៥ ខែកក្កដា ២០២១នេះ បានស្នើសុំឲ្យតុលាការកំពូល ជួយបន្ធូរបន្ថយទោស ដល់រូបគាត់ផង ដែលបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់គុកកំណត់៦ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដួរគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួនមួយកញ្ចប់ធំ ទម្ងន់៤៥.៦៨ក្រាម ប្រព្រឹត្តកាលពី អំទ្បុងឆ្នាំ២០១៨ ។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ កាដិប រតនៈ ភេទប្រុស អាយុ៣៦ឆ្នាំ បានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់០៦ ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល ក្រោមការចោទប្រកាន់ ពីបទ រក្សាទុក និង ជួញដូរគ្រឿងញៀន មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែជនជាប់ចោទ រតនៈ បានប្តឹងជំទាស់នឹងសាលក្រមខាងលើ ទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍បានតម្កល់ទោស គាត់ នៅថ្ងៃទី២០ ខែតុលា ២០២០។ គាត់ក៏បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល និង សំណូមពរសុំសន្ធូរបន្ថយទោសរបស់គាត់។

ជនជាប់ចោទត្រូវបានចាប់ខ្លួន នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែតុលា ២០១៨។
នាពេលសវនាការការជនជាប់ចោទ ឈ្មោះកាដិប រតនៈបានឆ្លើយសារភាពទទួលស្គាល់កំហុស និង សន្យាថា នឹងកែខ្លួនជាមនុស្សល្អ និងឈប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទៀតហើយ។
តុលាការកំពូលនឹងប្រកាសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ចន្ទា ភា