ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តstarex មួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តford ពីពោធិ៍ចិនតុង ហើយព្យាយាមបើករត់គេច មកដល់ផ្លូវកម្ពុជាក្រោម ដោយម្ចាស់រថយន្តford ដេញតាមពីក្រោយ ក៏ជ្រុលទៅបុករះរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ទៅផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុករថយន្តចតនៅលើដងផ្លូវជាច្រើនគ្រឿងទៀត ជាបន្តបន្ទាប់។ ចំណែកតៃកុងរថយន្តបង្កវិញ ត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ៥ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តបង្កមួយគ្រឿងម៉ាកstarex ពណ៌ស ពាក់ផ្លាកលេខកណ្តាល2-A 7274 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៥៩ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន រួចស្រាប់តែមានរថយន្តfordមួយគ្រឿងទៀត មិនចាំផ្លាកលេខ បានធ្វើដំណើរស្របទិស ដេញពីក្រោយលុះមកដល់ចំណុចកើតហេតុ បណ្តាលឲ្យរថយន្តstaerx ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខខេមរភូមិន្ទ 2-1032 កំពុងតែបើកនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិច ចំពីមុខពេញទំហឹង ខ្ទាតទៅផ្ទប់នឹងរបាំងថ្ម រួចរថយន្តបង្កបន្តទៅបុករះរថយន្តជាច្រើនគ្រឿងទៀត ចតនៅតាមដងផ្លូវ២៥៩ រងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកចំហៀងខាងឆ្វេង និងខាងមុខស្ទើរទាំងស្រុង។ សំណាងល្អមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត










