ភ្នំពេញ ÷ នារីម្នាក់បានដួលម៉ូតូរងរបួសដៃធ្ងន់ បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះទៅទិញគ្រឿងម្ជូរ សម្រាប់លក់ត្រូវបានជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង តាមពីក្រោយមកឆក់កាបូប តែមិនបានសម្រេច រួចជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ចំណុចជិតនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រី ម៉ាយ ភេទស្រីអាយុ២៤ ឆ្នាំមុខរបរ លក់គ្រឿងម្ជូរ បច្ចុប្បន្នស្នាក់នៅជាមួយបងជិតវត្តជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាប្រភពព័ត៌មានពីនារីជាជនរងគ្រោះ មានឈ្មោះស្រីម៉ាយ ភេទស្រីអាយុ២៤ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ នាងបានចេញពីផ្ទះជិះម៉ូតូម៉ាកគុប ៥០មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ1-P 8373 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត គោលបំណងមកផ្សារដើមគរ ដើម្បីទៅទិញគ្រឿងម្ជូរគ្រប់មុខ ដើម្បីយកមកលក់នៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ជាប់នឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរពីក្រោយមកឆក់កាបូបគាត់ នៅជាប់ចង្កេះតែមិនបានសម្រេច បណ្តាលឲ្យគាត់ដួលម៉ូតូ រងរបួសដៃខាងឆ្វេងធ្ងន់ ចំណែកឯជនសង្ស័យវិញ បន្តល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុខាងលើ ឃើញថាមិនមានវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍នោះទេ ឃើញមានតែប្រជាពលរដ្ឋ និងផ្នែកចរាចរណ៍ប្រចាំគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យម្នាក់ មកធ្វើការសួរនាំបន្ទាប់មក ក៏មានបងប្អូននារីរងគ្រោះ មកដឹកយកទៅមន្ទីរពេទ្យតែម្តង ទៅដោយនាងសុំមិនទៅដាក់ពាក្យបណ្តឹង៕ រក្សាសិទ្ធិដោយ៖ សា មេត









