ភ្នំពេញ ៖ ក្នុងចំណោមភាគហ៊ុនដែលធ្លាក់ថ្លៃ ក្នុងថ្ងៃចន្ទដើមសប្តាហ៍ ភាគហ៊ុនអេស៊ីលីដា (ABC) បាននាំមុខគេ ដោយមានការធ្លាក់ចុះ ចំនួន ៤៦០៛ ក្នុងមួយហ៊ុន មកនៅត្រឹម ១២.៤៤០៛ ប៉ុណ្ណោះ។
ចំណែកឯ ភាគហ៊ុន ហ្ក្រេនធ្វីន(GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ក៏បានធ្លាក់ចុះផងដែរ ចន្លោះពី ៣០៛ ទៅ ១៤០៛ ក្នុងមួយហ៊ុន មកត្រឹម ៣.៩៥០៛ ១៥.១៨០៛ ២.១៦០៛ និង ១៤.០២០៛ រៀងគ្នា។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលត្រឹម ៧.១២០៛ និង ៣.១៨០៛។ យ៉ាងណាមិញ ទំហំជួញដូរភាគហ៊ុនបានបង្ហាញការងើបឡើងមកវិញ ជាមួយនឹងទំហំសរុបចំនួន ៣,២៤ ប៊ីលានរៀល ហើយ សន្ទស្សន៍ ផ.ម.ក. បានបន្តធ្លាក់ចុះ ២,៦៧% ទៀតមកត្រឹម ៥៣២,៤៧ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN