Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារចុងសប្តាហ៍ខេត្តកែប ចាប់ផ្តើមបើកដំណើរការ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករ

ខេត្តកែប ៖ ក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ផ្សារចុងសប្តាហ៍ខេត្តកែប បានចាប់ផ្តើមបើកដំណើរការ ជាមួយនិងគោលបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងមូលដ្ឋាន ក្នុងអំឡុងជំងឺកូវីដ១៩នេះ ក៏ដូចជា ផលិតនូវផលិតផលកសិកម្មចម្រុះ ដើម្បីយកមកដាក់ តាំងលក់ នៅក្នុង ផ្សារ ចុងសប្តាហ៍នេះ។

អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា នេះជាការលើកទឹកចិត្ត និងបំផុសបំផុលពលរដ្ឋ ឲ្យចាប់អារម្មណ៍មកធ្វើការដាំដុះជាជាងទុកដីឲ្យទំនេរចោល ហើយក៏រួមចំណែក កាត់បន្ថយការចេញទៅធ្វើការនៅទីឆ្ងាយរបស់ពលរដ្ឋផងដែរ តាមរយៈការបង្កើតទីផ្សារសម្រាប់ទ្រទ្រង់ផលិតផលរបស់ពួកគាត់ និងគោលបំណងមួយទៀតនោះ គឺការជំរុញលើកទឹកចិត្តផលិតផលរបស់ខេត្តកែបនេះតែម្តង។
ឯកឧត្តមបន្តថា ការបង្កើតឲ្យមានផ្សារចុងសប្តាហ៍នេះឡើង គឺក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងមូលដ្ឋាន ក្នុងការផលិតនូវផលិតផលកសិកម្មចម្រុះ ហើយអាចយកលក់នៅក្នុងទីផ្សារនេះ។

ផ្សារចុងសប្តាហ៍ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្តកែប មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយផ្សារនេះមានស្តង់ចំនួន ១៤ ដែលដាក់លក់ផលិតផលកសិកម្មជាង ២០មុខ របស់ប្រជាកសិករដាំនៅក្នុងតំបន់ និងដាំទៅតាមលក្ខណៈបច្ចេកទេស។ ផ្សារចុងសប្តាហ៍នេះ នឹងផ្តល់ទំនុកចិត្តឲ្យអ្នកផលិតអាចជឿជាក់ និងប្រឹងប្រែងផលិត ដោយមិនបារម្ភពីការកង្វះទីផ្សារ។

គួរបញ្ជាក់ថា ផ្សារចុងសប្តាហ៍នេះ មានទីតាំងនៅខាងមុខសាលាខេត្តកែប ចាប់បើកលក់រៀងរាល់ថ្ងៃសោរ៍ និងថ្ងៃអាទិត្យ ដែលប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ អាចរកទិញបាន ដើម្បីចូលរួមលើកកម្ពស់ផលិតផលកសិកម្ម បន្លែធម្មជាតិ និងជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN

×