ខេត្តកណ្ដាល ÷ ប្រជាពលរដ្ឋ ១៦គ្រួសារអះអាងថា មានប្លង់រឹងជាម្ចាស់កម្មសិទ្ធិទាំងដីអាស្រ័យផល និងលំនៅឋាន ក្នុងចំណោមប្រជាពលរដ្ឋច្រើនរយនាក់ដែលរងការបណ្ដេញចេញពីការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មី ស្នើសុំអាជ្ញាធរខេត្តកណ្ដាល , ក្រុមហ៊ុន OCIC , គណៈកម្មការដោះស្រាយវិវាទដីធ្លី CAIC , និងជាពិសេស សូមលំឱនកាយគោរព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយពន្លឿនការដោះស្រាយជូនពួកគាត់ទាំង ១៦គ្រួសារសមស្របតាមយុត្តិធម៌ផង។

សូមបញ្ជាក់ថា បន្ទាប់ពីមជ្ឈមណ្ឌលព័ត៌មាន CEN បានចុះផ្សាយជាបន្តបន្ទាប់ទៅលើរឿងរ៉ាវ ចម្រូងចម្រាសនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ស្ថិតក្នុងទឹកដីឃុំបឹងខ្យាង និងប៉ះពាល់ដល់ទឹកដីចំនួន ៣ឃុំទៀត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នោះ ស្រាប់តែប្រជាពលរដ្ឋចំនួន ១៦គ្រួសារនេះ ដែលមានដីជាកម្មសិទ្ធិរឹងមាំ មានប្លង់រឹងត្រឹមត្រូវ ( វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ) បានអំពាវនាវដ៏ទទូចដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ ជួយពន្លឿនដំណោះស្រាយជូនពួកគាត់ទាំង ១៦ គ្រួសារផង ព្រោះពួកគាត់ជាអ្នករស់នៅលើទីតាំងក្នុងទឹកដី ភូមិតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ តាំងពីដើមរៀងមក គឺរស់នៅតជីដូនជីតា រហូតដល់បច្ចុប្បន្ន , និងមិនដែលមានការផ្លាស់ប្ដូរទីលំនៅសូម្បីតែមួយដង , ជាពិសេស មិនដែលស្គាល់រសជាតិថា លក់ដី ឬ ផ្ទះសម្បែងបន្តបន្ទាប់គ្នា ឲ្យបានស្គាល់រសជាតិនៃការចំណេញទឹកប្រាក់ សូម្បីតែមួយដងនោះឡើយ។
ប្រជាពលរដ្ឋ ១៦គ្រួសារ ដែលរស់នៅក្នុងភូមិតាឡុង ឃុំបឹងខ្យាង ទីដែលក្រុមហ៊ុន OCIC និងក្រុមមន្ត្រីអាជ្ញាធរខេត្តកណ្ដាល តម្រូវឲ្យរុះរើផ្ទះសម្បែងចេញ ដើម្បីកុំឲ្យប៉ះពាល់ ដល់ការស្ថាបនាគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនោះ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា តាមឮដំណឹងតៗគ្នាថា តំណាងក្រុមហ៊ុន OCIC ដែលមានក្រុមបុត្តសម្ព័ន្ធ គណៈកម្មការដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ គឺក្រុមគណៈកម្មការដោះស្តាយ មានឈ្មោះថា CAIC រួមជាមួយកម្លាំងចម្រុះរបស់អាជ្ញាធរខេត្តកណ្ដាល កំពុងត្រៀមចូលឈូសឆាយផ្ទះសម្បែង ប្រជាពលរដ្ឋនៅចំណុចសំខាន់ៗនៃតារាងយន្តហោះ ដូចជា ចំណុច Run Way , Taxi Way និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនទៀតនៅក្បែរតារាងយន្ដហោះ ពោលគឺ គេឈូសផ្ទះសម្បែងប្រជាពលរដ្ឋ នៃគ្រួសារណាដែលនៅត្រង់ចំណុចសំខាន់ៗ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា តាមប្រភពថា កម្លាំងចម្រុះនោះ គឺរួមមាន កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលរបស់មូលដ្ឋាននៃខេត្តកណ្ដាល , ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ រឹតតែភ័យខ្លាចទៀតនោះ គឺប្រជាពលរដ្ឋទទួលបានប្រភពព័ត៌មានថា គេដាក់កម្លាំងជួរមុខ ជាក្រុមអ្នកលេង មានទាំងអ្នកប្រដាល់ ជើងកាងដើរលេងវាយតប់ប្រចាំភូមិ-ឃុំ មុខតទល់នឹងប្រជាពលរដ្ឋណា ដែលហ៊ានប្រឆាំងនឹងការឈូសឆាយនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ អ្នកភូមិតាឡុង ឃុំបឹងខ្យាង បានរាយការណ៍ឲ្យដឹងថា មានមន្ត្រីមួយក្រុមប្រហែល ២០នាក់ ចម្រុះគ្នា មានទាំងតំណាងក្រុមហ៊ុន OCIC , គណៈកម្មការដោះស្រាយ CAIC , មន្ត្រីជំនាញពាក់ព័ន្ធភូមិបាល-សុរិយោដី កសិកម្ម , មន្ត្រីថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្ត បានចុះទៅក្នុងភូមិឋានប្រជាពលរដ្ឋក្នុងភូមិតាឡុង និងភូមិផ្សេងៗទៀត ធ្វើកំណត់ហេតុ កត់ឈ្មោះគ្រួសារ និងផ្ទះសម្បែងប្រជាពលរដ្ឋ ដោយមន្ត្រីទាំងនោះបានប្រាប់ថា ដើម្បីធ្វើការដោះដូរទីតាំងជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា ក្បាច់ចុះមកសួរនាំ កត់ត្រាទីតាំងផ្ទះ និងម្ចាស់ផ្ទះបែបនេះ គឺកើតមានជាច្រើនលើកច្រើនសារួចមកហើយ , ដោយក្រុមមន្ត្រីអះអាងថា ចុះមកវាស់វែង ធ្វើកំណត់ហេតុ ដើម្បីដោះស្រាយ តែទីបំផុត បានត្រឹមតែមកចុះមកពិនិត្យមើល កាន់ប៊ិកសរសេរ ដូចជាទំនង… ប៉ុន្តែធាតុពិត អត់បានដោះស្រាយអ្វីបន្តិចជូនប្រជាពលរដ្ឋនោះទេ គឺចុះមកធ្វើសកម្មភាពឱ្យតែល្អមើលប៉ុណ្ណោះ។
ដូច្នេះ ប្រជាពលរដ្ឋទាំង ១៦គ្រួសារដែលជាម្ចាស់កម្មសិទ្ធិប៉ះពាល់ដីអាស្រ័យផលផង ប៉ះពាល់ផ្ទះសម្បែងផង មានទាំងប្លង់រឹងត្រឹមត្រូវទៀតនោះ ព្រមទាំងមិនដែលធ្លាប់បានដោះដូរលក់ចេញទិញចូលម្ដងណាឡើយ សំណូមពរដល់តំណាងក្រុមហ៊ុន OCIC , គណៈកម្មការដោះស្រាយវិវាទ CAIC និងមន្ត្រីជំនាញនៃអាជ្ញាធរខេត្តកណ្ដាល ជួយពន្លឿនការដោះស្រាយផ្ដល់យុត្តិធម៌ជូនពួកគាត់ទាំង ១៦គ្រួសារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របច្បាប់ ត្រឹមត្រូវនេះផង។

ករណីនេះដែរ លោក កុក សាយ ប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លី ហៅថាក្រុមហ៊ុន CAIC មានតួនាទីដោះស្រាយរឿងចម្រូងចម្រាស់ ឬវិវាទជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីព្រលានយន្តហោះអន្តរជាតិថ្មី និងថ្នាក់ដឹកនាំខេត្តកណ្ដាល មជ្ឈមណ្ឌលព័ត៌មាន CEN មិនអាចទាក់ទងសុំការបំភ្លឺ ឬផ្ដល់ព័ត៌មានប្រែប្រួលថ្មីៗបាននោះទេ ដោយ លោក កុក សាយ នៅពេលទូរស័ព្ទចូល ហើយមជ្ឈមណ្ឌលព័ត៌មាន CEN ផ្ដើមសំណួរ លោកក៏បានបិទទូរស័ព្ទ , ចំណែក លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បញ្ជាក់ថា លោកជាប់រវល់ជាមួយនឹងកន្លែងធ្វើតេស្តកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




















