Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា : របាយការណ៍របស់អង្គការ អ្នករាយការណ៍គ្មានព្រំដែន គឺមិនពិត និងមិនអាចទទួលយកបាន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធ និងច្រានចោល ចំពោះការចេញរបាយការណ៍ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន គឺជាការមិនពិត និងមិនអាចទទួលយកបាននោះទេ។

ការច្រានចោលរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីអង្គការអ្នករាយការណ៍គ្មានព្រំដែន បានចាត់បញ្ជូលឈ្មោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។ ដោយអង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ការចេញរបាយការណ៍ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបានទេ ហើយបើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ គឺកម្ពុជាដើរមុនគេនៅក្នុងការធ្វើឲ្យរីកសាយ នៃវិជ្ជាជីវៈសារព័ត៌មាន ដែលប្រទេសដទៃអត់មានទេ។
បើប្រៀបធៀបនៅក្នុងតំបន់កម្ពុជា មានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័ន ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យទាំងអស់គឺអាចទំនាក់ទំនងបាន២៤ម៉ោង ដើម្បីសម្រួលដល់ការឆ្លងឆ្លើយ រវាងរាស្ត្រនិងរដ្ឋរឹតតែកៀកជាប់គ្នាទាំងអស់ ហើយដើម្បីធ្វើយ៉ាងម៉េច ឲ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។

លោកបានបន្តថា អ្វីដែលរីកសាយសារព័ត៌មានយើងឃើញ យើងរាប់ចំនួនអ្នកសារព័ត៌មាន មិនមែនអ្នកសារព័ត៌មានជាស្ថាប័នទេ រហូតដល់អ្នកសារព័ត៌មានជាអ្នកអនឡាញថែមទៅទៀត ហើយនិងព័ត៌មានដែលរហ័ស គឺថ្នាក់ដឹកនាំធំៗដូចជា សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ គឺមានហ្វេសប៊ុកដែលប្រជាពលរដ្ឋអាមសរសេរប្រាប់អំពីរឿងការប្រឈម ប្រាប់រឿងកើតទុក្ខ និងប្រាប់ពីសសេចក្តីស្នើសុំ មិនចាំបាច់ឆ្លងអ្នកណាទេ ដូច្នេះការិយាធិបតេយ្យវាអត់មានទេ គេសរសេរទៅត្រង់ទៅនាយករ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដូច្នេះមានការដោះស្រាយភ្លាមៗ…។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា “ការអប់រំអ្នកសារព័ត៌មាននៅកម្ពុជាខុសប្លែកពីអ្នកសារព័ត៌មាននៅបរទេស អ្នកសារព័ត៌មានបរទេសដែលមកធ្វើការនៅស្រុកខ្មែរ គឺជាសកម្មជនទេ មិនមែនជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈទេ ភាគច្រើន គឺសកម្មជនដែលមានរបៀបវារៈលាក់លៀម នៅពីក្រោយខ្នង ហើយគេមិនបានចូលរួមនៅក្នុងការកសាង ហើយនិងការពង្រឹងនៃការដឹងការយល់ ហើយនិងការចូលរួមរបស់ប្រជាពលរដ្ឋទេ គឺព័ត៌មានរបស់គេគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋតែប៉ុណ្ណោះ”។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំនួនអ្នកសារព័ត៌មាននៅកម្ពុជាមានចំនួនរីកសសាយ និងគុណភាព គឺការចូលរួមនៅក្នុងការកសាងជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហើយនៅក្នុងងការកសាងជាតិចំណុចសំខាន់ គឺកំណែទម្រង់ឲ្យសេវាកម្មផ្តល់ដល់មហាជន ដើម្បីឲ្យមហាជនមានឱកាសក្នុងការចូលរួមជាមួយនិងការកសាងជាតិ ហើយសេវកម្មនេះប្រកបដោយប្រសិទ្ធិភាព លទ្ធផលល្អ ហើយនិងគុណភាព ហើយការធ្វើរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយយកបានទេ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចេញរបាយការណ៍មួយបង្ហាញអំពីតារាងឈ្មោះមេដឹកនាំ ដែលបានងយាយីសិទ្ធិសេរីភាពសារព័ត៌មាន។ អង្គការអ្នករាយការណ៍គ្មានព្រំដែន បានសរសេរលំអិត អំពីវិធីសាស្ត្រប្លែកៗគ្នា ដែលមេដឹកនាំទាំងនោះបានអនុវត្ត ឬចេញបញ្ជា ដើម្បីរារាំង គំរាមកំហែង អ្នកសារព័ត៌មាន មិនឲ្យផ្សព្វផ្សាយការពិត ឬរិះគន់ការដឹកនាំរបស់ខ្លួន។ នៅក្នុងចំណោមមេដឹកនាំទាំង៣៧នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីនេះ ក៏មានឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×