ភ្នំពេញ ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គម មានការផុស share តៗគ្នា ពីករណីប្រទេសថៃ បានបុកគ្រឹះសាងសងប្រសាទដូចខ្មែរ នៅក្នុងដើមខែកក្កដា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅឯវត្តភូម៉ាហ្វា ដ៏ល្បីល្បាញរបស់ថៃ។ ហើយក្នុងនោះ ប្រជាជនខ្មែរ បានស្នើឲ្យភាគីថៃ សូមបញ្ឈប់ការសាងសង់ ឬជាការចម្លង (Copy) ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក ជាបន្ទាន់ និងក៏សូមឲ្យប្រជាជនខ្មែរយើងទាំងអស់គ្នា ត្រូវតែការពារសម្បត្តិវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាកម្មសិទ្ធិដ៏អស្ចារ្យរបស់ដូនតាខ្មែរ។

ទាក់ទងនឹងរឿងនេះ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា «បុរាណាចារ្យ» បានបញ្ជាក់ឲ្យដឹងថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣ រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្ត ចម្លងធំជាងគេនៅលើពិភពលោក។
គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថា នឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។

យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ ដែលបានសាងសង់ រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។
ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតឲ្យមានការសាងសង់ ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការ ឲ្យបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំអោយដល់ពេលគេសាងសង់ ហើយទើបមានប្រតិកម្ម។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ បើតាមគណនីហ្វេសប៊ុកព្រះសង្ឃខ្មែរមួយអង្គមានព្រះនាម «ហី សុផាលីន» ក៏បានសម្តែងការហួសចិត្ត ទៅនឹងវិស្វករជនជាតិថៃម្នាក់ ក្រោយត្រូវបានមហាជនរិះគន់រឿង កំពុងសាងសង់ប្រាសាទអង្គរថ្មី ចម្លងពីប្រាសាទអង្គរវត្តកម្ពុជា ស្រាប់តែរូបគេបានបកស្រាយថា ប្រាសាទអង្គរវត្ត ក៏បាន Copy ចម្លងពីប្រទេសដទៃទៀតដែរ មានប្រទេសឥណ្ឌូនេស៊ី ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង























