ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆមាសទី ១ឆ្នាំ ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង ២លាននាក់ ថយចុះ ៦២,៤៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ ចលនាទេសចរក្នុងស្រុកបានងើបឡើងវិញជាបណ្តើរៗ គិតដល់បំណាច់ចុងខែមិថុនានេះ ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយ បើធៀបនឹងឆ្នាំ២០២០ ដោយសារតំបន់ខ្លះនៃរាជធានីខេត្តមួយចំនួន មានការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគណៈបញ្ជាការឯកភាពចាត់វិធានដាច់ដោយឡែក និងដោយកន្លែង។
បើតាមរដ្ឋមន្ត្រីទេសចរណ៍ គោលដៅទេសចរណ៍តំបន់ឆ្នេរ ពិសេសខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ រួមជាមួយគោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ គឺជាគោលដៅសំខាន់ដែលបានស្រូបទាញចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានច្រើន។
ឯកឧត្តម ថោង ខុន បានអះអាងថា ក៏នៅមានគោលដៅទេសចរណ៍មួយចំនួនតូច ដែលបានទទួលភ្ញៀវលើសសមត្ថភាពផ្ទុក ដោយសារតែភ្ញៀវ បានសម្រុកទៅលេងច្រើន ក្នុងពេលដំណាលគ្នា ពិសេសក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ប៉ុន្តែក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ជាសេនា និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចុះពិនិត្យ និងណែនាំឲ្យគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងដើម្បីបញ្ជៀសកុំឲ្យមានការកកកុញ មនុស្សអ៊ូរអរច្រើនបន្តទៀត។ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ចំនួនអាជីវកម្មបានទទួលឡាបិលវិធានសុវត្ថិភាពទេសចរណ៍សរុប ៣.៣៥៦ទីតាំង ស្មើនឹង ៥១,១៩% នៃអាជីវកម្មសរុប។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ៕ រក្សាសិទ្ធិដោយ៖CEN




