ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកសម្ភារ សម្រាប់ជួលរោងការ និងពិធីបុណ្យផ្សេងៗ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ ផ្លូវ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមកម្មករមួយក្រុម កំពុងតែរៀបចំសម្ភារទុកដាក់ នៅខាងក្នុងឃ្លាំង មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយ ចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះចេញពីក្នុងឃ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងថៅកែការ៉ាស់ដេប៉ូសាំងតេលា និងបុគ្គលិកចាក់សាំង នៅទីនោះរួមទាំងកម្មករ និងសន្តិសុខបុរីជីបម៉ុង នាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ ទប់ស្កាត់ជាបណ្តោះអាសន្ន ដើម្បីកំុឲ្យមានការរាលដាល ឆាបឆេះមកខាងក្រៅ តែដោយសារមិនអាចគ្រប់គ្រង ស្ថានការណ៍ ព្រោះអណ្តាតភ្លើងនៅតែបន្តឆេះ ហើយការ៉ាស់ដេប៉ូសាំងតេលា នៅជាប់នឹងឃ្លាំងស្តុកសម្ភារ ដែលងាយនិងឆាបឆេះបំផុត ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញទៅជួយអន្តរាគមន៍ បាញ់ទឹកអស់ជាច្រើនឡាន ទើបអគ្គិភ័យខាងលើ បានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១២និង១៥នាទី រសៀលថ្ងៃដដែល។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងស្តុកសម្ភារ សម្រាប់ជួលរោងការខាងលើនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍នេះដែរ គឺមិនបណ្តាលឲ្យមាននរណាម្នាក់ រងរបួសក្នុងហេតុការណ៍អគ្គិភ័យខាងលើនោះទេ ចំណែកសម្ភារដែលខូចខាត រថយន្តចំនួន៣គ្រឿង និងសម្ភារជាច្រើនប្រភេទ ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ៕ រក្សាសិទ្ធិដោយ៖ ដោយ សួង សាម










