បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្តារមឈូសចំនួន ៣.០០០ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាទិញពីប្រទេសថៃ សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលនៅប្រទេសកម្ពុជា មានអ្នកស្លាប់ពីជំងឺដ៏កាចសាហាវនេះបានកើនឡើងជារៀងរាល់ថ្ងៃ។

នេះបើតាមលោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា តាមគម្រោង គឺរាជរដ្ឋាភិបាលបានបញ្ជាទិញក្តារមឈូសចំនួន ៣.០០០ ពីប្រទេសថៃ សម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរនៅតាមបណ្តាខេត្ត ទិញក្តារមឈូស មករក្សាទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីត្រៀមសម្រាប់ដាក់ជំងឺដែលបានស្លាប់ដោយសារជំងឺនេះ យកទៅបូជា ឬ បញ្ចុះ ដែលជាការគោរពទៅដល់វិញ្ញាណក្ខន្តអ្នកស្លាប់។

ជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ប្រធានគណៈកម្មការក្នុងការបង្រ្កាបបទឧក្រិដ្ឋកម្មព្រៃឈើ ឲ្យយកឈើដែលបានរឹបអូស មកធ្វើជាក្តារមឈូសឲ្យបានរហ័ស ព្រោះពេលអ្នកជំងឺស្លាប់យកទៅបញ្ចុះសូម្បីតែមឈូសក៏គ្មាន យកទៅបូជា ក៏គ្មានមឈូសទៀត ដែលហាក់មិនគួរគប្បីធ្វើបែបនេះចំពោះសពសោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់ថវិកាទិញក្តារមឈូសដែលមានលក់ ដើម្បីយកមកស្តុកទុកក្នុងដៃឲ្យបាន ៨០ ភាគរយ នៅតាមមន្ទីរពេទ្យនៅភ្នំពេញ និងនៅតាមខេត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




