ភ្នំពេញ ៖ របាយការណ៍ដែលចេញផ្សាយ ដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន ដែលបានចាត់បញ្ជូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន ការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើមនោះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកថា មានចរិតនយោបាយ និងបានចោទប្រកាន់មកលើកម្ពុជា ដោយពុំមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោកមាស សុភ័ណ្ឌ បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CENនៅរសៀលថ្ងៃទី៦ ខែកក្កដានេះថា ពាក់ព័ន្ធការចេញរបាយការណ៍ របស់របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមានចរិតនយោបាយ មានចរិកចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនបានសិក្សាស្រាវជ្រាវឲ្យបានត្រឹមត្រូវ ទៅតាមស្ថានភាពជាក់ស្តែង អំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដែលអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ដូច្នេះរបាយការណ៍នេះ ជារបាយការណ៍មួយដែលពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនអាចទទួលយកបានទេ។
អ្នកនាំពាក្យបានបញ្ជាក់ថា “ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របបសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះការអនុវត្តអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវតែបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របទៅតាមច្បាប់កំណត់។
ការអនុវត្តវិធានការនានាតាមច្បាប់ ដោយបានកំណត់ពុំអាចចាត់ទុកថា ជាការបំបិទសិទ្ធិសេរីភាព ឬការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននោះទេ។
ផ្ទុយទៅវិញការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា គឺមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងចំនួនអង្គភាពផ្សព្វផ្សាយ ទាំងបែបប្រពៃណី ទាំងបែបទំនើប គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយចំនួនអ្នកសារព័ត៌មានជាតិ និងបរទេសដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាក៏មានការកើនឡើង គួរឲ្យមានការកត់សម្គាល់ផងដែរ។
ទន្ទឹមនឹងនោះវិសាលភាពនិងមធ្យោបាយ នៃការផ្សព្វផ្សាយព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានវិសាលភាពនិងមធ្យោបាយ កាន់តែសំបូរបែប ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំង ក្នុងនិងក្រៅប្រទេស គឺអាចទទួលបានព័ត៌មាន គ្រប់ប្រភពពីព្រះរាជាណាចក្រកម្ពុជាផងដែរ”។
លោកមាស សុភ័ណ្ឌ បានបន្តថា ការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានយកចិត្តទុកដាក់ និងធានា ក៏ដូចជាការបង្កបរិយាកាស ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។
ជាក់ស្តែងដោយមានការយកចិត្តទកុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើវិស័យព័ត៌មាន ឃើញថាវិស័យនេះមានការីកចំរើនគួរឲ្យកត់សម្គាល់ (ទី១), ទី២. នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកសារព័ត៌មាន គឺជាក្រុមអាទិភាពនៅក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ។
ទន្ទឹមនឹងនោះសម្តេចតេជោ ក៏គាំទ្រឲ្យមានការផ្លូវនូវជំនួយ ផ្នែកផ្លូវច្បាប់ដោយពុំថ្លៃ ទៅដល់អ្នកសារព័ត៌មាន នៅពេលដែលមានវិវាទវិជ្ជាជីវៈសារព័ត៌មានកើតឡើង ដែលកត្តាទាំងអស់នេះអាចសបញ្ជាក់បានផងដែរថា គឺជាការយកចិត្តដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យវិស័យព័ត៌មានមានការរីកចម្រើន។
ហើយការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាក៏ដូចជាលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា អង្គការអ្នករាយការណ៍ គ្មានព្រំដែនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានចេញរបាយការណ៍បង្ហាញអំពីតារាងឈ្មោះមេដឹកនាំ ដែលបានយាយីសិទ្ធិសេរីភាពសារព័ត៌មាន និងបានសរសេរលំអិតអំពីវិធីសាស្ត្រប្លែកៗគ្នា ដែលមេដឹកនាំទាំងនោះបានអនុវត្ត ឬចេញបញ្ជា ដើម្បីរារាំង គំរាមកំហែង អ្នកសារព័ត៌មាន មិនឲ្យផ្សព្វផ្សាយការពិត ឬរិះគន់ការដឹកនាំរបស់ខ្លួន។ នៅក្នុងចំណោមមេដឹកនាំទាំង៣៧នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីនេះ ក៏មានឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ