ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ និងកាត់ទោស បុរសជនជាប់ចោទចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី លួចលុយក្រុមហ៊ុនចំនួនជាង ២៥ ម៉ឺនដុល្លារអាមេរិក តាមរយៈការលួចលុយផ្ទេរលុយរបស់ក្រុមហ៊ុន ពីគណនេយ្យរបស់ក្រុមហ៊ុន ទៅលេខគណនីរបស់គាត់ផ្ទាល់ នៅក្នុងធនាគារ ABA ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។
សវនាការនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ នៃតុលាការដំបូងរាជធានានីភ្នំពេញ និង លោកសេង ហៀង គឺជាតំណាងអយ្យការ។
លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានថ្លែងឲ្យដឹងក្នុងសវនាការថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ Guo Han ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាគណនេយ្យករ បម្រើការជាមួយហ៊ុនចិនមួយ នៅក្នុងរាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ Lou Meng Hao ជាតំណាងក្រុមហ៊ុនចិន ដែលត្រូវបានជនជាប់ចោទលួចលុយ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ Guo Han ត្រូវបានជាប់ចោទពីបទ «លួលុយរបស់ក្រុមហ៊ុន» តាមមាត្រា ៣៥៣ និង ៣៥៦ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
នាពេលសវនាការ ជនជាប់ចោទឈ្មោះ Guo Han បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់រូបគាត់ខាងលើ។ ក៏ប៉ុន្តែ គាត់បានទទួលស្គាល់ថា គាត់ពិតជាបានបង្វិលលុយខាងលើនោះ ចូលគណនីរបស់គាត់ និង បានដកចេញយកប្រើប្រាស់មែន ដើម្បីយកលុយនោះ ឲ្យទៅសេវ៉ាមេធាវី តាមបញ្ជារបស់ថៅកែក្រុមហ៊ុន។
ឈ្មោះ Guo Han និយាយថា គាត់មិនលួចឬ យកលុយខាងលើនោះ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ គាត់សំណូមពរឲ្យតុលាការ មេត្តាលើកការចោទប្រកាន់ និងដោះលែងគាត់ ឲ្យមានសេរីភាពវិញ។
ចំពោះរឿងក្តីនេះ តុលាការរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ៕
រក្សាសិទ្ធិដោយះ ចន្ទា ភា