Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី
តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និង ឯកឧត្តម Sergey Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំបានផ្តល់នូវឱកាសដើម្បីពិនិត្យនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុង រយៈពេល២៥ឆ្នាំកន្លងមក និងតាមដានលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី
ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។ រដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹងនិម្មាបនកម្មតំបន់ និងបានរំលឹកឡើងវិញនូវទស្សនៈរួមគ្នាអំពីសារៈសំខាន់នៃការពង្រីក ទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើបញ្ហាដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួម ជាពិសេសកិច្ចសហប្រតិ- បត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

អំពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីអាស៊ានបានលើកទឹកចិត្តដល់ ប្រទេសរុស្ស៊ីឱ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាឲ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការ ស្ដារឡើងវិញក្រោយជំងឺរាតត្បាតឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត។

កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃមជ្ឈភាពរបស់អាស៊ាន និងបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិម្មាបនកម្មតំបន់ដោយយកអាស៊ានជាស្នូល ដែលបើកចំហ មានតម្លាភាព
បរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ រដ្ឋមន្រ្តីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ
នៃយន្តការដឹកនាំដោយអាស៊ានដែលមានស្រាប់ ជាពិសេស កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ។ រដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការអនុវត្តផែនការ សកម្មភាព ឆ្នាំ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅខែតុលា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីចំណងមិត្តភាព យូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែល បានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។ នៅក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញ ទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ ជា «ឆ្នាំ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ាន-រុស្ស៊ី»។

កិច្ចប្រជុំបានស្វាគមន៍ការបញ្ចប់ការចរចារលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញនូវអាទិភាព និងវិធានការណ៍ ដើម្បីធ្វើឲ្យកាន់តែរឹងមាំនូវភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ រដ្ឋមន្ត្រីអាស៊ាន និងរុស្ស៊ី នឹងមានជំនួប ម្តងទៀតនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅខែសីហា ឆ្នាំ២០២១ ដែលក្រោយកិច្ចប្រជុំ នោះ កម្ពុជានឹងទទួលភារកិច្ចបន្តពីប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ (ចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤) ៕ រក្សាសិទ្ធិ៖ដោយៈ ចេស្តារ

spot_img
×