ភ្នំពេញ ៖ មេការនៃគ្រួសារ ឯកឧត្តមម្នាក់ ( សុំមិនបញ្ចេញឈ្មោះ ) ក្នុងនាមប្រជាពលរដ្ឋរស់នៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវ ក្នុងមូលដ្ឋានរបស់ក្រុមការងារសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយរបងហ៊ុមព័ទ្ធដីរបស់គ្រួសារនេះ ត្រូវបានគេវាយបំផ្លាញចោល បង្កឱ្យបាត់បង់ផ្នែកខ្លះនៃទំហំដីធ្លីទាំងមូល ពីទំហំជាង ២ហិចតា មកនៅត្រឹម ២ហិចតាគត់ គិតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាងមួយខែហើយ មិនទាន់មានលទ្ធផលដំណោះស្រាយគួរឲ្យកត់សម្គាល់នៅឡើយទេ។

ករណីវិវាទនេះ បានកើតឡើង ខណៈដែលក្រុមការងារសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក លីវ វណ្ណថេង ជាចៅសង្កាត់ព្រែកថ្មី យកលេសពង្រីកផ្លូវក្នុងមូលដ្ឋាន ជាខែលការពារគំនិតខូចរបស់ខ្លួន ដោយបើកដៃឲ្យគេប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្លូវ ធ្វើឱ្យបាត់ទំហំដីផ្នែកខ្លះនៃទំហំដីទាំងមូលរបស់គ្រួសារ នៃឯកឧត្តមម្នាក់ខាងលើ ដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ( ប្លង់រឹង ) និងវាយកម្ទេចរបងថ្មដែលគេធ្វើការពារព្រំដីរបស់គេ បណ្ដាលឱ្យខូចខាត បាត់បង់សណ្ឋានដើមថែមទៀត ដូច្នេះហើយទើបគ្រួសារនៃឯកឧត្តមម្នាក់នេះ បាត់បង់ទំហំដីពីជាង ២ហិចតា មកនៅត្រឹម ២ហិចតាគត់។
ហេតុការណ៍លេងខូច ខ្ជីខ្ជាក្នុងការអនុវត្តវិធានការ ឬការងារផ្សេងៗរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាននេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំអតីតផ្លូវដានកង់រទេះទំហំ ៨ម៉ែត្រ បំបែកចេញពីផ្លូវធំក្រាលកៅស៊ូ គឺផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ព្រែកឯង ឆ្ពោះទៅស្ពានព្រែកសំរោង ហើយអតីតផ្លូវដានកង់រទេះនេះ គឺបំបែកចាក់ចូលទៅកាន់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងជាផ្លូវចូលទៅកាន់បុរីដ៏ធំមួយឈ្មោះ អិល វីឡា ផងដែរ។ សញ្ញានេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថា ក្រុមមន្ត្រីមូលដ្ឋានអាចទទួលបានផលប្រយោជន៍ ពីឈ្មួញសង់បុរី អិល វីឡា នេះហើយមើលទៅ បានជាខំធ្វើផ្លូវប្រញិបប្រញាប់ដោយមិនគិតពីផលប៉ះពាល់ របស់ប្រជាពលរដ្ឋដែល រស់នៅអមសងខាងផ្លូវនេះទៅវិញ។ អតីតផ្លូវដានកង់រទេះនេះ មានទំហំ ៨ម៉ែត្រ ត្រូវបាន លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី អះអាងថា ទទួលបានគោលការណ៍ពីសាលារាជធានីភ្នំពេញ ធ្វើការពង្រីកបន្ថែម ៨ម៉ែត្រ ឲ្យទៅជាទំហំ ១៦ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរផង និងជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានក្នុងរាជធានីភ្នំពេញផង។

មេការនៃគ្រួសារឯកឧត្តមម្នាក់ ដែលរងការបាត់បង់ផ្នែកខ្លះនៃទំហំដីទាំងមូល និងត្រូវបានគេវាយកម្ទេចរបងថ្មបាត់បង់សណ្ឋានដើមទៀតនោះ បាននិយាយឱ្យដឹងថា អាជ្ញាធរសង្កាត់ព្រែកថ្មី ក៏ដូចជាខណ្ឌច្បារអំពៅ ពេលធ្វើការពង្រីកអតីតផ្លូវដានកង់រទេះនេះ មិនបានធ្វើសេចក្តីប្រកាសព័ត៌មានឲ្យបានទូលំទូលាយ ឬក៏កោះហៅប្រជាពលរដ្ឋដែលមានលំនៅឋាន ឬដីធ្លីជាប់សងខាងផ្លូវនេះ ចូលរួមប្រជុំប្រាប់អំពីព័ត៌មាន ឬដំណោះស្រាយផ្សេងៗនោះទេ ក៏ស្រាប់តែធ្វើការឈូសឆាយឆៅៗយកតែម្ដង សូម្បីតែរបងថ្មស្របច្បាប់របស់ប្រជាពលរដ្ឋដែលហ៊ុមព័ទ្ធព្រំដីរបស់គេ ក៏អាជ្ញាធរបានប្រើគ្រឿងចក្រវាយកម្ទេចចោលផងដែរ នឹងធ្វើឲ្យបាត់បង់ទំហំដីផ្នែកខ្លះនៃដីធ្លីទាំងមូល ហើយឈានទៅដល់ការប្ដឹងទាមទារសំណងពីសំណាក់គ្រួសារដែលរងគ្រោះ។

ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់នេះ ត្រូវបានលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានបកស្រាយថា រឿងឈូសឆាយពង្រីកផ្លូវពីទំហំ ៨ម៉ែត្រ ទៅដល់ ទំហំ ១៦ម៉ែត្រនេះ គឺលោកធ្វើតាមគម្រោងអភិវឌ្ឍន៍មូលដ្ឋានរបស់សាលារាជធានីភ្នំពេញ ដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដួចផ្ដើមឲ្យធ្វើ , ហើយក្រុមការងារអាជ្ញាធរមូលដ្ឋាន បានប្រជុំស្ថាប័នជំនាញ ស្ថាប័នពាក់ព័ន្ធ គិតគូរចេញជាគម្រោងវិនិច្ឆ័យជាលក្ខណៈប្រព័ន្ធត្រឹមត្រូវ មិនមែនចេះតែធ្វើៗទៅនោះទេ ដូច្នេះផលប៉ះពាល់របស់ប្រជាពលរដ្ឋជារឿងធម្មតា ព្រោះនេះជាគម្រោងអភិវឌ្ឍន៍, ហើយបន្ថែមទៀតថា លោកបានបិទប្រកាសជាសាធារណៈចំពោះការអនុវត្តពង្រីកផ្លូវដានកង់រទេះផងដែរ។

ចូលមកដល់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឆ្លើយតបនឹងសំណួររបស់មជ្ឈមណ្ឌលព័ត៌មាន CEN ថា រឿងពង្រីកផ្លូវនេះ ជាគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធររាជធានីភ្នំពេញ មានលក្ខណៈវិនិច្ឆ័យជាប្រព័ន្ធ សម្រេចដោយមន្ត្រីជំនាញពាក់ព័ន្ធ។ លោកមិនគិតថា ប្រជាពលរដ្ឋរងផលប៉ះពាល់នោះទេ ហើយក៏មិនគិតថា ប្រជាពលរដ្ឋតវ៉ានោះដែរ ព្រោះអភិវឌ្ឍន៍ផ្លូវដើម្បីទាំងអស់គ្នា ? លោកសួរថា តើប្រជាពលរដ្ឋណាខ្លះតវ៉ា…? ដាក់ពាក្យប្ដឹងតវ៉ាមកចុះ លោកដោះស្រាយជូន។

វិលមកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងធ្វើការតវ៉ាវិញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN ថា គេបានឆែកទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ , មន្ត្រីជំនាញនៅទីស្ដីការគណៈរដ្ឋមន្ត្រីឆ្លើយតបថា មិនទទួលបានគម្រោងអភិវឌ្ឍន៍មូលដ្ឋាន របស់សាលារាជធានីភ្នំពេញ នៅចំណុចផ្លូវលំដានកង់រទេះចូលទៅកាន់វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង ឬចូលទៅកាន់បុរី អិល វីឡា នោះទេ, ហើយថា បើជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ មែននោះ ក៏គួរតែអាជ្ញាធររាជធានីភ្នំពេញ ចេញប្លង់ ឬផែនទី ឬគម្រោងអភិវឌ្ឍន៍ខាងលើនេះ ជាលាយលក្ខណ៍អក្សរបញ្ជូនមកកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ រួចបញ្ជូនទៅកាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យសម្រេចផងដែរ ព្រោះវាប៉ះពាល់ដល់ប្រជាពលរដ្ឋទ្រង់ទ្រាយធំ។
មន្ត្រីមួយរូបបម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីពង្រីកផ្លូវលំអតីតដានកង់រទេះ ពីទំហំ ៨ម៉ែត្រ ទៅ ១៦ម៉ែត្រនោះ ពេលសួរនាំទៅកាន់មន្រ្តីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីរកមើលគម្រោងប្លង់អភិវឌ្ឍន៍នេះ ជាលាយលក្ខណ៍អក្សរ ដែលចេញដោយសាលារាជធានីភ្នំពេញ គឺមិនមានទេ។

ករណីពង្រីកផ្លូវលំអតីតដានកង់រទេះនេះទៀតសោត មជ្ឈមណ្ឌលព័ត៌មាន CEN មិនអាចទាក់ទងសុំការបំភ្លឺពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននៅឡើយទេ ដោយទូរស័ព្ទលោកជាប់រវល់។
សូមងាកមកមើល ប្រជាពលរដ្ឋស្នើសុំឱ្យដោះស្រាយស្ដីពីសំណងសងថ្លៃការខូចខាតវិញ អាជ្ញាធរមូលដ្ឋានទាំងសង្កាត់ព្រែកថ្មី និងមន្ត្រីខណ្ឌច្បារអំពៅ បែរជារុញទៅនេះ រុញទៅនោះ ម្នាក់ៗក្រឡាស់ខ្លួនស្ទើរតែមិនមើលសំណើ ឬបណ្ដឹងរបស់ប្រជាពលរដ្ឋទៅហើយ។ គិតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាងមួយខែហើយ ដំណោះស្រាយនៅតែលឹបលៗដដែល ដោយគ្រាន់តែមន្ត្រីអាជ្ញាធរខណ្ឌ ទទួលថា នឹងដោះស្រាយរឿងផលប៉ះពាល់ប្រជាពលរដ្ឋ និងណាត់ជួបគ្នាតែប៉ុណ្ណោះ។ ដោយដំបូងឡើយ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រគល់ភារកិច្ចនេះទៅ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកដីធ្លី និងអចលនទ្រព្យ , ប៉ុន្តែ លោក ណុប ផា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN ថា លោកបានប្រគល់ភារកិច្ចនេះទៅ លោក ហួត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការរួចហើយ, ប៉ុន្តែ លោកលើកឡើងទៀតថា ប្រសិនបើមានការយឺតយ៉ាវ គឺដោយសារក្នុងខណ្ឌច្បារអំពៅមានមន្ត្រីខ្លះឆ្លងជំងឺកូវីដ-១៩ ដូច្នេះក្រុមមន្ត្រីជំនាញអាចនឹងជាប់ធ្វើចត្តាឡីស័ក។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់និងបានដាក់បណ្ដឹង ឬសំណើសូមឱ្យមានការដោះស្រាយ ផ្ដល់សំណងនៃការខូចខាតនោះ មិនទាន់បានពិនិត្យដោះស្រាយ ឬជួបជុំគ្នានិយាយអំពីវិធានការ វិធីសាស្ត្រ ដោះស្រាយនោះទេ, ឬប្រាប់អំពីការវិវត្តនៃដំណើរការដោះស្រាយនេះ នៅឡើយដែរ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានត្រឹមតែរុញដាក់គ្នា រុញទៅនេះ រុញទៅនោះ , ហើយមួយវិញទៀត ក្រុមមន្ត្រីអាជ្ញាធរ ហាក់ដូចជាយកលេសជាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឬធ្វើចត្តាឡីស័ក ជាខែលបិទបាំងកម្សោយរបស់ខ្លួន ឬភាពអសកម្មរបស់ខ្លួន មិនព្រមបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដោយសារតែប្រជាពលរដ្ឋទាមទារសំណងថ្លៃខូចខាតដែលបណ្ដាលមកពីពួកគេបានប្រព្រឹត្ត… (បើមានព័ត៌មានថ្មីប្រែប្រួល មជ្ឈមណ្ឌលព័ត៌មាន CEN នឹងផ្សាយជាបន្តបន្ទាប់)៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN





















