ខេត្តកោះកុង ៖ ប្រជាពលរដ្ឋមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃចំនួន ៣៧៥គ្រួសារ ដែលមានជម្លោះដីធ្លីចុងក្រោយ ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd នៅស្រុកស្រែអំបិល និងស្រុកបុទមសាគរ ខេត្តកោះកុង បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន និងបញ្ចប់ជម្លោះដីធ្លីខាងលើរួចហើយ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
វិវាទនេះ ខាងភាគីប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ និងភាគីក្រុមហ៊ុនវិនិយោគដំណាំអំពៅ បានឯកភាពព្រមទទួលយកដំណោះ ស្រាយ របស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយរីករាយ និងគ្មានការបង្ខិតបង្ខំពីភាគីណាមួយនោះទេ។
ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅទាំង ២ខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងមានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំកម្ពុជា, លោកឧកញ៉ា លី យ៉ុងផាត់ តំណាងក្រុមហ៊ុនវិនិយោគដំណាំអំពៅ, តំណាងអង្គការសង្គមស៊ីវិល និងតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីពាក់ព័ន្ធ។
ក្រោយបិទបញ្ចប់កិច្ចប្រជុំភ្លាមៗ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីប្រកាស អំពីលទ្ធផល នៃការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំន ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅទាំងពីរ ដោយបង្ហាញលទ្ធផលថា ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានព្រមព្រៀងគ្នាបញ្ចប់វិវាទដីធ្លីរុំារ៉ស នៅខេត្តកោះកុងជាស្ថាពររួចហើយ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
ក្រសួងរៀបចំដែនដី បង្ហាញលទ្ធផលថា ខាងភាគីប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ បានយល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ ៣ហិកតា និងទឹកប្រាក់ ២៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុង ១គ្រួសារៗ ប៉ុន្តែមិនដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលបានដោះស្រាយរួចនោះទេ។ ចំណែកក្រុមប្រជាពលរដ្ឋចំនួន ២០០គ្រួសារផ្សេងទៀត បានយល់ព្រម ទទួលដំណោះស្រាយជាដីទំហំ ១,៥ហិកតា ក្នុង ១គ្រួសារៗ។
ក្រសួងរៀបចំដែនដី ក៏បានឲ្យដឹងដែរថា ខាងភាគីក្រុមហ៊ុនវិនិយោគដំណាំអំពៅ ក៏បានយល់ព្រមឲ្យរដ្ឋកាត់ដីមានទំហំ ៨២៥ហិកតា ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកា ២៥០០ដុល្លារ តាមចំនួនបានព្រមព្រៀងខាងលើ ជូនក្រុមប្រជាពលរដ្ឋចំនួន ១៧៥គ្រួសារ តាមសំណូមពរ។
ការដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋ ៣៧៥គ្រួសារ មានវិវាទជាមួយក្រុមហ៊ុនវិនិយោគដំណាំអំពៅ ឬក្រុមហ៊ុនស្ករអំពៅ នៅខេត្តកោះកុងខាងលើនេះ ទទួលបានការសាទរ និងកោតសរសើរពី លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និងមន្ត្រីសង្គមស៊ីវិលក្រៅរដ្ឋាភិបាល មួយចំនួនទៀត។ ពួកគេបានចូលរួមអបអរសាទរ ចំពោះសកម្មភាព របស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វែងរកដំណោះស្រាយលើវិវាទដីធ្លីរ៉ាំរ៉ៃ ឈានដល់មានដំណោះស្រាយវិជ្ជមាន ដោយបានបិទបញ្ចប់ជម្លោះដីធ្លីខាងលើជាស្ថាពរ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
អ្នកស្រី ផាវ ញ៉ើង តំណាងពលរដ្ឋមានទំនាស់ដីធ្លីចំនួន ១៧៥គ្រួសារ បានសាទរចំពោះការរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី របស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ។ អ្នកស្រី បន្តថា ប្រជាពលរដ្ឋពួកគាត់បានឯកភាព យល់ព្រមទទួលយកសំណងពីក្រុមហ៊ុនស្ករអំពៅ ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រាំរ៉ៃមួយនេះរួចហើយ។ អ្នកស្រី ផាវ ញ៉ើង បានបញ្ជាក់ថា ប្រជាពលរដ្ឋពួកគាត់ ទាំង ១៧៥គ្រួសារ បានឯកភាពទទួលយកសំណងជាដី នៅទីតាំងខាងលើក្រោយដីក្រុមហ៊ុនស្ករអំពៅ ស្ថិតក្នុងឃុំជីខលើ ក្នុង ១គ្រួសារ មានទំហំដី ៣ហិកតា និងលុយចំនួន ២៥០០ដុល្លារសហរដ្ឋអាមេរិក។
ចំណែក លោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង បានគាំទ្រយន្តការដោះស្រាយវិវាទដីធ្លី របស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ពន្ធ នៃរាជរដ្ឋាភិបាល ឈានដល់បញ្ចប់ជម្លោះដីធ្លីរុំារ៉ៃ រវាងប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុនស្កអំពៅចំនួន ២ នៅខេត្តកោះកុង ឈានដល់បិទបញ្ចប់ជម្លោះដីធ្លីរុំរ៉ៃ និងមានលទ្ធផលវិជ្ជមាននៅពេលនេះ។
លោក ញៀប សំអឿន ថ្លែងចាត់ទុកយន្តការដោះស្រាយបញ្ចប់វិវាទដីធ្លី របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ ដែលមានជម្លោះដីធ្លីចុងក្រោយ ជាមួយក្រុមហ៊ុនវិនិយោគដំណាំអំពៅ នៅខេត្តកោះកុង ថាមានយន្តការដោះស្រាយល្អ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅកម្ពុជា ឲ្យទទួលបានយុត្តិធ៌ម និងមានដីសម្រាប់ធ្វើរបរកសិកម្មចិញ្ចឹមជីវិតដូចដើមឡើងវិញ៕ ដែន សីមា