Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងវិនិយោគ តម្លៃជិត៣ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១នេះ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ដុល្លារ និងអាចបង្កើតការងារ ចំនួន ៥០ ០២៩កន្លែងជូនប្រជាពលរដ្ឋ។


ក្នុងចំណោមគម្រោងវិនិយោគ៨៧ មានគម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៤១ ៥៩៣ ១៨០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧ ៤២៩កន្លែង, គម្រោងពង្រីកផលិតកម្មចំនួន១១គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១៥៩ ៥៧៣ ៥៤២ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៨០៣កន្លែង និងគម្រោងវិនិយោគថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន ២៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ១ ៨៦៨ ៤៦២ ៦១៦ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩ ៧៩៧កន្លែង។

ឯកឧត្តម សុខ ចន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ថ្វីត្បិតចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២១ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ពោលគឺថយចុះចំនួន ៦៣គម្រោង តែទុនវិនិយោគក្នុងរយៈពេល ៦ខែឆ្នាំនេះ មានការកើនឡើងប្រមាណ ១២%។

តួលេខ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ វិនិយោគមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ ៦៩% នៃការវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប៕
រក្សាសិទ្ធិដោយ៖CEN

×