ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើបណ្ដឹងសារទុក្ខរបស់បុរសជាប់ចោទ ជនជាតិកូឡាំប៊ីម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសរូបគាត់ ដោយដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែនប្រមាណ ៤ គីឡូក្រាម ពីប្រទេសកូឡុំប៊ីមកកម្ពុជា ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧។
តុលាការកំពូល បានសម្រេចតម្កល់សេចក្ដីសម្រេច របស់សាលាឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទោស គាត់អស់មួយជីវិតដដែល។
លោកសឹង្គ បញ្ញាវុឌ្ឍ ជាប្រធានក្រុមប្រឹក្សាជំនុំ នៃតុលាការកំពូល បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ GONAZLE MARMDEJO JAIME ភេទប្រុស អាយុ ៦៣ ឆ្នាំ ជាជនជាតិកូឡាំប៊ី មុខរបរ មិនពិតប្រាកដ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៧ កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិតនិង ពិន័យជាប្រាក់ចំនួន ៥០លានរៀល ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ ពីបទ ” ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿនញៀនកម្ពុជា។

លោកចៅក្រមលោក សឹង្គ បញ្ញាវុឌ្ឍ បានថ្លែងថា ជនជាប់ចោទ GONAZLE MARMDEJO JAIME បានប្តឹងជំទាស់នឹងសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសរូបគាត់ អស់មួយជីវិតមកសាលាឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍បានតម្កល់ទោសរបស់គាត់ដដែល កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកាឆ្នាំ ២០២០។
គាត់បន្តប្តឹងសារទុក្ខមកកាន់តុលាការកំពូល។
លោកចៅក្រមបានបញ្ជាក់ថា ជនចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈពេលគាត់បានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និង ធើ្វដំណើរពីប្រទេកូឡុំប៊ី មករាជធានី ភ្នំពេញ។
សមត្ថកិច្ចចនគរបាលចម្រុះកម្ពុជា បានរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីន សរុបចំនួន ៣,៨៥៥. ២៨ក្រាម (ជិត៤គីឡូក្រាម) ដែលលាក់ទុកនៅក្នុងវ៉ាលីសរបស់គាត់។
គូរបញ្ជាក់ថា នាពេលសវនាការកាលពីថ្ងៃទី២ កក្កដា ជនជាប់ចោទឈ្មោះ GONAZLE MARMDEJO JAIME បានឆ្លើយសារភាពនិងទទួលស្គាល់កំហុស ។ ក៏ប៉ុន្តែគាត់បាននិយាយថា គឿ្រងញៀនដែលសមត្ថកិច្ចចម្រុះ ដែលរឹបអូសពីគាត់នោះ មិនមែនរបស់គាត់នោះទេ។
GONAZLE MARMDEJO JAIME និយាយថា គ្រឿងញៀននេះ ជារបស់បុរសស្បែកខ្មៅម្នាក់ រស់នៅប្រទេសកូឡាំប៊ី ដែលមិនត្រូវបានចាប់ខ្លួន និងគេចខ្លួន។
គាត់និយាយថា បុរសស្បែកខ្មៅនោះ បាន ជួលគាត់ដើម្បីនាំយកវាពីប្រទេសកូឡំាប៊ីមក ស្រុកខ្មែរ ដើម្បីទូទាត់ នឹងប្រាក់បំណុល ដែលគាត់ និងក្រុមគ្រួសារ បានជំពាក់បុរសស្បែកខ្មៅនោះ។
គាត់បានសំណូមពរឲ្យតុលាការកំពូលមេត្តា បន្ធូរបន្ថយទោសគាត់ ឲ្យបានតិច ដើម្បីគាត់បានឆាប់បានវិញត្រឡប់ទៅជួបជុំគ្រួសារគាត់វិញ នៅប្រទេសកូឡំាប៊ី៕ រក្សាសិទ្ធិដោយ ចន្ទា ភា