Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងស៊ើបអង្កេត ករណីថៃ សាងសង់ប្រាសាទ ស្រដៀងប្រាសាទអង្គរវត្ត

ភ្នំពេញ ៖ បន្ទាប់ពីប្រាសាទមួយ មានរូបរាងស្រដៀងនិងប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានបណ្តាញ សង្គមផ្សព្វផ្សាយតគ្នានោះ ឥឡូវនេះត្រូវបានភាគីខាងកម្ពុជា កំពុងសើមអង្កេតករណីនេះហើយ។
ប្រាសាទមួយនេះ បានសាងសង់ឡើង មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយកំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ជាប់ជាមួយខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការមិនពេញចិត្ត ចំពោះការសាងសង់ប្រាសាទមួយនេះឡើយ។ ប្រជាពលរដ្ឋខ្មែរ បានស្នើរដ្ឋាភិបាលថៃបកស្រាយចំពោះរឿងនេះ ថាតើខ្លួនចង់លួចចម្លងរតនសម្បត្តិនេះ ឬយ៉ាងណា?។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ កំពុងស៊ើបអង្កេតទៅលើករណីថៃសាងសង់ ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជានៅទឹកដីថៃ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួង បានអះអាងថា ចំពោះ ការសាងសង់ប្រាសាទនេះ យើងត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ”។

កាលពីឆ្នាំ២០១២កន្លងទៅ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ។

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំជាងគេ នៅលើពិភពលោក៕រក្សាសិទ្ធិដោយ៖CEN

×