ភ្នំពេញ ÷ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ដែលត្រូវជាម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ដោយម្នាក់បញ្ជូនតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យ ចំណែកម្នាក់ទៀត ត្រូវបានអ៊ាវចូលកុងស៊ីកាប់ជ្រូក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ៣៧១សឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់រីវូ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1AH 0464 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បម្រុងបត់ចូលកុងស៊ីកាប់ជ្រូក ស្របពេលនោះ ក៏មានយុវជនម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FK 8535 បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូងបានជ្រុលទៅបុកម៉ូតូស្មាស់ ដែលបម្រុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យដួលខ្ទាតបោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកយុវជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូឃ្លីក រងរបួសធ្ងន់ត្រូវបានបញ្ជូន តាមរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅធ្វើការសង្រ្គោះភ្លាមៗផងដែរ។
រីឯជនរងគ្រោះម្នាក់ទៀត ដែលជាម្ចាស់ម៉ូតូស្មាស់ រងរបួសស្រាល ត្រូវមិត្តភក្តិដែលធ្វើការងារកាប់ជ្រូក ជាមួយគ្នា អ៊ាវរត់ចូលទៅក្នុងកុងស៊ីកាប់ជ្រូក ដែលនៅក្បែរនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ÷ សួង សាម






