Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណើ សំណូមពរ និង​កង្វល់​របស់​ផ្នែក​ឯកជន ចំនួន​៧​បាន លើកឡើង​ពិភាក្សា​, រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ បង្កើត​បរិយាកាស​កាន់​តែ​ល្អប្រសើរ ចំពោះ​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា

spot_img

​​​ភ្នំពេញ ​៖​ បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​អះអាង​ថា កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ត្រូវបាន​រៀបចំឡើង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន ដើម្បី​រួមចំណែក​បង្កើត​នូវ​បរិយាកាស​កាន់តែ​ល្អប្រសើរ​ឡើង​ចំពោះ​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​យ៉ាងណា វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន បានរៀបចំ​ជា​បន្តបន្ទាប់ ហើយ​តែង​ដោះស្រាយ​បាន​នូវ​បញ្ហា​ជាច្រើន ក្នុងនោះ​សំណើ សំណូមពរ និង​កង្វល់​របស់​ផ្នែក​ឯកជន ចំនួន​៧​បាន លើកឡើង​ពិភាក្សា ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២២​ខែ​មីនា បានបញ្ជាក់​ថា លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Bretton G. Scaironi សហប្រធាន​ក្រុម “​ឃ​” ខាង​ផ្នែក​ឯកជន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច (​ក្រុម “​ឃ​”) នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ដោយ​មាន​ការចូលរួម​ពី​សហសេវិក​ទាំង​ខាង​ផ្នែក រាជរដ្ឋាភិបាល និង ផ្នែក​ឯកជន ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មោះមុត​ឥត​រាថយ ក្នុង​ការកែលម្អ​បរិស្ថាន​វិនិយោគ និង​ធុរកិច្ច ជាពិសេស ការបន្ត​រៀបចំ​ប្រព័ន្ធ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ ដើម្បី​ទ្រទ្រង់​ដល់​ធុរកិច្ច និង​ពង្រឹង​ការប្រកួតប្រជែង​ដោយ​ស្នើ​ភាព និង​យុត្តិធម៌ និង​ដើម្បី​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​។ ក្នុងន័យនេះ​, កិច្ចប្រជុំ​ក្រុម “​ឃ​” នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន បានរៀបចំ​ជា​បន្តបន្ទាប់ ហើយ​តែង​ដោះស្រាយ​បាន​នូវ​បញ្ហា​ជាច្រើន ដែល​ជា​កង្វល់​របស់ វិស័យ​ឯកជន​។ ជាក់ស្តែង​, កិច្ចប្រជុំ​លើ​លើក​ទី​៦​នេះ​, សំណើ​, សំណូមពរ និង​កង្វល់​របស់​ផ្នែក​ឯកជន ចំនួន​៧​បាន លើកឡើង​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ រួមមាន​៖
១៖ គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​សារពើពន្ធ​៖ យន្តការ​នៃ​ការដោះស្រាយ​វិវាទ​សារពើពន្ធ ដែល​ផ្នែក​ឯកជន​បានលើកឡើង ត្រូវ​គូសបញ្ជាក់ និង​បំភ្លឺ ដោយ កន្លងមក រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​អនុក្រឹត្យ​លេខ ០៣ អនក្រ​.​ប ចុះ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០១៦ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​សារពើពន្ធ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ដាក់​ចេញ​ប្រកាស​លេខ ១៤៧០ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​មាន​បង្កើត​ក្រុម​ការងារ​រវាង​វិស័យ​ពន្ធដារ និង​ផ្នែក​ឯកជន ដែល​ជា​វេទិកា​ផ្តល់​ការពន្យល់​កាន់តែ​ច្បាស់​លាស់ នូវ​នីតិវិធី​ពាក់ព័ន្ធ​ការបង់ពន្ធ រួមទាំង រៀបចំ​សិក្ខា សាលា​ផ្សព្វផ្សាយ​ជាប្រចាំ ។​ល​។​

​កិច្ចការ​ចំពោះមុខ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រៀបចំ​គោលការណ៍ ណែនាំ​សាមញ្ញ​មួយ​ទៀត សម្រាប់​ពន្យល់​អ្នក​ជាប់​ពន្ធ ឱ្យ​កាន់តែ​ងាយ​យល់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ពន្ធ ដោយ​រៀបចំ​ពង្រីក​វិសាលភាព និង​ពង្រឹង​យន្តការ​នេះ​បន្ថែមទៀត សំដៅ​ធានា​ដល់​ការ​ផ្តល់​កិច្ច សហការ​ពេញលេញ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចំពោះ វិស័យ​ឯកជន​ពាក់ព័ន្ធ​ទាំងអស់ ។​

២៖ សេចក្តីព្រាងច្បាប់ ស្តី​ពី​បរ​ធន​បាល​កិច្ច​ហិរញ្ញវត្ថុ​៖ ដោយឡែក ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់ ស្តី​ពី​បរ​ធន​បាល​កិច្ច​ហិរញ្ញវត្ថុ ក៏​មាន​វឌ្ឍនភាព​ល្អប្រសើ​រ​គួរឱ្យកត់សម្គាល់ ដែល​តាមរយៈ​ការពិគ្រោះ​យោបល់ និង​ដាក់​ឆ្លង​កិច្ចប្រជុំ​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ហើយ​ទទួលបាន ការគាំទ្រ និង​ជំរុញ​ដល់​ការអនុម័ត​ច្បាប់​នេះ នាពេលខាងមុខ ដែល​អាច​ដោះស្រាយ​កង្វល់ និង​ជា​ប្រយោជន៍​ដល់​វិស័យ​ឯកជន បាន​មួយផ្នែកធំ​ថែម​ទៀត ។​

៣៖ ឧស្សាហកម្ម​ថ្នាំជក់​៖​ចំពោះ​បញ្ហា​អនុលោមភាព និង​ការប្រើប្រាស់​តែមប្រិ៍​អាករ សម្រាប់​បង់អាករ​ពិសេស​លើ​ផលិតផល​ថ្នាំជក់ ដោយ​មិន​គោរព​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន គឺ​ដោយសារ​ក្រុមហ៊ុន​ខ្លះ​មិន​បំពេញ តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការប្រើប្រាស់​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​ប៉ុណ្ណោះ ជាពិសេស ការមិនបិទ​តែមប្រិ៍​លើ​កញ្ចប់​បារី ឬ​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ចាស់ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន និង​កំពុង​រៀបចំ​យន្តការ​គ្រប់គ្រង​, ត្រួតពិនិត្យ​និង​តាមដាន យ៉ាង​យកចិត្ត​ទុក ដាក់​អំពី​ការអនុវត្ត​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​បារី ដើម្បី​ពង្រឹង​បាន​នូវ​អនុលោមភាព និង​ធ្វើឱ្យ​ការប្រកួតប្រជែង​ប្រកបដោយ​សមធម៌ និង​បន្ត​សម្របសម្រួល​ដល់​វិស័យ​ឯកជន​លើ​កិច្ចការ​នេះ ។​

៤៖ ប័ណ្ណ​ការងារ​សម្រាប់​នាយក​ក្រុមហ៊ុន M&A៖ ចំពោះ​កង្វល់​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ករណី​តម្រូវឱ្យ​មាន​ប័ណ្ណ​ការងារ​សម្រាប់​នាយក​ក្រុមហ៊ុន​ដែល​មក បំពេញ​ការងារ​រយៈពេល​ខ្លី​, ជាក់ស្តែង​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រប សម្រួល​ដោយ​មិន​តម្រូវ ឱ្យ​ស្នើសុំ​ប័ណ្ណ​ការងារ​ទេ ប៉ុន្តែ​ដើម្បី​មាន​មូលដ្ឋាន​នៃ​ការអនុវត្តច្បា​ស់ លា​ស់​បន្ថែម​ទៀត ឯកឧត្តម​ប្រធាន​បាន​ស្នើ​ឱ្យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​ជា​វិធានការ​ផ្លូវការ​សម្រាប់​សម្រួល​សំណើ​របស់​ផ្នែក​ឯកជន​នេះ ។​

៥៖ ការប្រកាស​ជូនដំណឹង​ស្តីពី​ការបើក​សហគ្រាស​សម្រាប់​ក្រុមហ៊ុន​មេ និង ភាព​ជា​នាយក​ក្រុមហ៊ុន​នៅក្នុង ពហុ​ក្រុមហ៊ុន​ ៖
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​គូសបញ្ជាក់ថា​ប័ណ្ណ​ការងារ​តែមួយ សម្រាប់​នាយក​នោះ គឺ​គ្រប់គ្រាន់ និង​អាច​ទទួលយកបាន សម្រាប់​ការងារ​អធិការកិច្ច​របស់​ក្រសួង ។​

៦៖​អាករ​បំភ្លឺ​សាធារណៈ​លើ​ការលក់​ស្រា​បៀរ​ដោយ​អ្នក​ចែកចាយ​៖​កង្វល់​ពាក់ព័ន្ធ​អាករ​បំភ្លឺ​សាធារណៈ​លើ​ការលក់​ស្រា​បៀរ​ដោយ​អ្នក​ចែកចាយ ត្រូវបាន​ដោះស្រាយ ដោយ​សម្រេច បន្ថូរបន្ថយ​មូលដ្ឋាន​គិតអាករ​បំភ្លឺ​សាធារណៈ ដែល​មាន​ការធ្លាក់​ចុះ​ពី​មូលដ្ឋាន​មុន​រហូត​ដល់​ជិត​៩០% ។​

៧៖ ឧស្សាហកម្ម​រថយន្ត​៖​បញ្ហា​កង្វះ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​នាំចូល និង​ការពង្រឹង​ច្បាប់​នៃ​ឧស្សាហកម្ម​រថយន្ត ដែល​វិស័យ​ឯកជន​កំពុង​មាន​កង្វល់​នោះ គឺ​រាជរដ្ឋាភិបាល បាននិងកំពុង​គិតគូរ​ដោះស្រាយ​ជា​ជំហានៗ និង បាន​ដាក់ចេញ​លិខិត​បទដ្ឋាន ក្នុង​ការគ្រប់​គ្រង​យ៉ាង​ច្បាស់លាស់ ។ ជាក់ស្តែង​, មុខ​ទំនិញ​នាំចូល​ទាំងអស់ (​រាប់បញ្ចូល​ទាំង​រថយន្ត​ផង​) ត្រូវ​គោរព​តាម​វិធាន​ស្តង់ដារ​របស់​កម្ពុជា​​ជា​ធរមាន​។ ចំពោះ​រថយន្ត​, រាល់​ការតម្រូវ​ផ្នែក​បច្ចេកទេស​នានា នឹង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ឡើង វិញ​នៅ​ពេល​ចុះបញ្ជី​ធ្វើ​ផ្លាកលេខ​។ ដោយឡែក​, ការដាក់​បន្ថែម​នូវ​វិធានការ​មិនមែន​ពន្ធ​នានា នៅ​មាត់​ច្រក​ព្រំដែន ក៏​ត្រូវ​ពិចារណា​ឱ្យបាន​ល្អិតល្អន់ និង​ជា​កម្មវត្ថុ​នៃ​ការពិភាក្សា​កម្រិត​អន្តរក្រសួង​/​ស្ថាប័ន​។ ទោះ​បី​រាជរដ្ឋាភិបាល មិនទាន់​អាច​អនុវត្ត​នូវ​គោលនយោបាយ ទប់ស្កាត់​ការនាំ​ចូល​រថយន្ត​មួយ​ទឹក ប៉ុន្តែ​បាន​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​តាមដាន គុណភាព និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​រួចហើយ​។​

​លោក​បណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា និង​ការបារម្ភ​របស់​វិស័យ​ឯកជន ហើយ​បាន​ធ្វើ​ការអំពាវនាវ​ដល់​ផ្នែក​ឯកជន ចូលរួម​ក្នុង​ការពង្រឹង​យន្តការ ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋា​ភិបាល និង​វិស័យ​ឯកជន ក្រុម “​ឃ​” នេះ និង​អំពាវនាវ​ដល់​ផ្នែក ឯកជន​ឱ្យ​ពង្រឹង​ការងារ​រួមគ្នា​, សម្របសម្រួល​បង្កើតបាន​ជា​សំឡេង​តែ​មួយ សម្រាប់​ធ្វើ​ការពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​នូវ​ការលើកឡើង​នូវ​បញ្ហា​ជាន់គ្នា​, ការបង់ពន្ធ​លើ​ពេលវេលា និង​បាត់បង់​ប្រសិទ្ធភាព​ការងារ ក្នុង​ឆន្ទៈ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​ក្តី​កង្វល់​របស់​វិស័យ​ឯកជន​នេះ​បន្ត​ទៅមុខ​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×