ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី លោកជំទាវ ម៉ារីស ផេន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន។
នៅជំនួបពិភាក្សានេះ ឯកឧត្តមកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណអូស្ត្រាលី សម្រាប់ការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចូលរួម ប្រកបដោយអត្ថន័យរបស់អូស្រ្តាលីជាមួយអាស៊ាន និងបានកោតសរសើរអូស្ត្រាលី ចំពោះការគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។
សម្រាប់ការត្រៀមលក្ខណៈធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី អំពីអាទិភាពមួយចំនួន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀត នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ការលើកកម្ពស់ការចូលរួម ប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

