Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នៅបន្តពឹងផ្អែក លើប្រភពថាមពលឥន្ធនៈផូស៊ីល ដើម្បីរក្សានិរន្តភាព នៃសន្តិសុខថាមពល

ភ្នំពេញ ៖ ការប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ពីប្រភពថាមពលឥន្ធនៈផូស៊ីលរបស់កម្ពុជា គឺជាការ ចូល រួមប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ដែលកំពុងបង្កក្តីបារម្ភជាសកល ពាក់ព័ន្ធ ការឡើងកំដៅផែនដី និងគ្រោះធម្មជាតិផ្សេងៗ ដោយការកាត់បន្ថយការបំភាយ ឧស្ម័នកាបូន ទៅក្នុង បរិយាកាស ពីប្រភពថាមពលឥន្ធនៈផូស៊ីល ដែលខ្លួនប្រើប្រាស់ឲ្យនៅកម្រិតទាបបំផុត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ នៅក្នុងវេទិកាបណ្តាញបច្ចេកវិទ្យា នៃការប្រើប្រាស់ និងការស្តុកទុកកាបូននៅអាស៊ីលើកទី ១ កាលពីពេលថ្មីៗនេះថា ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការថាមពល កម្ពុជា នឹងនៅតែបន្តពឹងផ្អែកលើប្រភពថាមពលឥន្ធនៈផូស៊ីលដើម្បីរក្សានិរន្តភាពនៃសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដូច្នេះការប្រើប្រាស់ឥន្ធនៈផូស៊ីលតាមរបៀបមួយស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាចាប់យកកាបូនប្រើ និងស្តុកទុក គឺជាកត្តាដ៏ចាំបាច់បំផុត។

ឯកឧត្តម បន្តថា កម្ពុជា ទទួលស្គាល់ទៅនឹងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមគោលការណ៍ ជាបញ្ហារួម ក៏ប៉ុន្តែការទទួលខុសត្រូវសមត្ថភាពប្រទេសនីមួយៗខុសៗគ្នា ជាមួយនឹងសិទ្ធិ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍។ កម្ពុជា គឺជាប្រទេសមួយ ដែលបញ្ចេញ ឧស្ម័ន កាបូនតិចតួច ហើយក៏ជាប្រទេសប្រឈមខ្ពស់ទល់នឹងផលប៉ះពាល់កើនឡើងបម្រែបម្រួលអាកាសធាតុផងដែរ។

ការប្រើប្រាស់ឥន្ធនៈផូស៊ីល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមួយស្អាត បច្ចេកវិទ្យាធ្យូងថ្មស្អាត បច្ចេកវិទ្យាចាប់យក និងស្តុកទុកកាបូន នឹងក្លាយជាភាពចំាបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រូលអាកាសធាតុជាទ្រង់ទ្រាយធំ។ តាមមធ្យោបាយនេះយើងប្រហែលជាអាចមានលទ្ធភាពកំណត់កម្រិតកើនឡើងសីតុណ្ហភាពសកលត្រឹម ២អង្សាសេប៉ុណ្ណោះនៅចុងសតវត្សនេះ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជា ប្រមាណ ៦០ភាគរយ បានមកពីការប្រើប្រាស់ ឥន្ធនៈផូស៊ីល មានធ្យូងថ្ម ប្រេង និង ៤០ភាគរយទៀត បានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស៕
រក្សាសិទ្ធិដោយ៖CEN

×