ភ្នំពេញ ៖ ខណៈប្រទេសកម្ពុជាគ្រោងនឹងធ្វើជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនោះ ត្រូវបានប្រទេសសមាជិកអាស៊ានទាំង១០ បានឯកភាពគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣ ធ្វើយ៉ាងណាឱ្យក្លាយ ជាយុទ្ធនាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅក្នុងតំបន់អាស៊ានឡើងវិញ ក្រោយមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលមករំខានដល់ការធ្វើដំណើរ របស់ភ្ញៀវអន្តរជាតិចូលមកក្នុងតំបន់អាស៊ាន។

ការឯកភាពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសអាស៊ានទាំង១០នេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន លើកទី៥៤ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយកម្ពុជា។ ជាមួយកិច្ចប្រជុំដ៏សំខាន់នេះ តំណាងប្រទេសសមាជិកអាស៊ាន បានដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការស្តារវិស័យទេសចរណ៍អាស៊ាននៅពេលខាងមុខ ជាពិសេសបានសម្រេចរៀបចំសកម្មភាពផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ដោយយកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ (SEA Game 2023) ជាព្រឹត្តិការណ៍ទាក់ទាញទេសចរអន្តរជាតិ មកទស្សនាតំបន់អាស៊ាន។
ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជាផងដែរ បាននិងកំពុងរៀបចំបើកទទួលឡើងវិញនូវវិស័យទេសចរណ៍អន្តរជាតិរបស់ខ្លួន ដែលក្នុងនោះ អាស៊ានក៏បានឯកភាពដាក់ចេញកម្មវិធីស្តារវិស័យទេសចរណ៍ផ្ទៃក្នុង (Intra-ASEAN Travel Program) អាស៊ានដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




