ភ្នំពេញ ៖ លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកអនុស្សាវរីយ៍ដ៏ស្វាញស្វិតមួយ ទៅដល់ការដាក់ប្រាសាទព្រះវិហារកម្ពុជា ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ដោយហាក់ដូចជាមួយរំពេចសោះ រយៈពេល ១៣ឆ្នាំបានកន្លងផុតទៅ ហើយថា គ្រានោះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពុំបានសម្រាកពេញមួយយប់ ដើម្បីតាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ក្នុងការដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់វប្បធម៌មនុស្សជាតិ។

លោក ផៃ ស៉ីផាន បានថ្លែងថា នៅក្នុងនេះដែរ ខ្ញុំនៅចាំបានថា សម្តេចតេជោ ហ៊ុន សែន នៅតាមដានលទ្ធផលកិច្ចប្រជុំសវនាការរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ហើយក្រោយពេល ប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយនោះ គឺនៅតាមវត្តអារាម គ្រឹះស្ថានរដ្ឋ និងសាលារៀន មានពិធីជួបជុំព្រះសង្ឃ មន្ត្រីរាជការ និងសិស្សសាលា ដើម្បីទូងស្គរ និងវាយជួង នៅម៉ោង៧ ព្រឹក ដើម្បីអបអរសាទរប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សសុជាតិ។
សូមបញ្ជាក់ថា ការណ៍ដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំគណៈប្រតិភូក្នុងកិច្ចការនេះ និងក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រកបដោយជោគជ័យនៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រាសាទព្រះវិហារ គឺជារមណីដ្ឋានសក្ដារៈ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងជានិមិត្តសញ្ញាមួយ នៃកិច្ចសហប្រតិបត្តិការ និងឯកភាពជាឯកច្ឆ័ន្ទគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រាសាទព្រះវិហារ គឺត្រូវបានគណៈកម្មាធិការបេតិភណ្ឌពិភពលោកក៏ដូចជាគណៈកម្មាធិការប្រាង្គប្រាសាទពិភពលោក បានវាយតម្លៃថា ជាប្រាសាទព្រះវិហារមានតម្លៃនៃស្នាដៃមនុស្សជាតិ និងបេតិកភណ្ឌមនុស្សជាតិ លេចធ្លោគ្មានពីរដែលពុំអាចកាត់ថ្លៃបាន។ មនុស្សជាតិទាំងអស់ នៅលើសាកលលោក ត្រូវមានកាតព្វកិច្ច អភិរក្ស រក្សា ការពារ ជួលជុល ដោយគ្មានរើសអើង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

