ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចមួយ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថាអនុញ្ញាត ឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ ហើយគោលការណ៍ណែនាំប្រតិបត្តិនេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវត្តមាននៃករណីនាំចូលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងប្រទេសកម្ពុជា។

ស្ថាប័ន-អង្គភាព ដែលអាចប្រើប្រាស់ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩បាន ដូចជា គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។
ក្រសួងសុខាភិបាល ក៏បានអនុញ្ញាតផងដែរ ចំពោះការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមផ្ទះ ឬជាលក្ខណៈឯកជន, ហើយគោលការណ៍ណែនាំប្រតិបត្តិនេះ នឹងត្រូវយកទៅប្រើប្រាស់ជំនួសឱ្យ ” គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ ” ។

ដោយឡែក គោលការណ៍ណែនាំប្រតិបត្តិនេះ មិនមានវិសាលភាពអនុវត្ត ចំពោះគ្រឹះស្ថានសុខាភិបាលសាធារណៈ, សេវាថែទាំ និងព្យាបាលជំងឺកូវីដ-១៩ និងសេវាដទៃទៀតដែលពាក់ព័ន្ធនឹងការប្រយុទ្ធជំងឺកូវីដ-១៩ ដែលការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវ
បន្តអនុលោមទៅតាមគោលការណ៍ណែនាំ ដែលកំពុងនៅជាធរមាន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




