ភ្នំពេញ ៖ បើតាមលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ, ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាត្រៀមធ្វើការជាមួយសមាជិកអាស៊ាន និងដៃគូដទៃទៀត ដើម្បីគាំទ្រការវិលត្រឡប់រកមាគ៌ាប្រក្រតី និងការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ទៀតសោត កម្ពុជាសូមកោតសរសើរចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាន នាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ នេះជាទំនុកចិត្តលើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

