ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ឃើញថា ករណីរឿងតោ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានបងប្អូនប្រជាជនខ្មែរជាច្រើន បានទទួចស្នើឲ្យអាជ្ញាធរមេត្តាប្រគល់សត្វតោ ដែលត្រូវបានបំបែកយកទៅដាក់នៅភ្នំតាម៉ៅ ឲ្យម្ចាស់របស់វាជាជនជាតិចិន យកមកចិញ្ចឹមវិញផងទៅ ក្រោយពីបានឃើញទិដ្ឋភាពដ៏រំជួលចិត្ត ខណៈដែលសត្វតោឈ្មោលវ័យក្មេងនោះ បង្ហាញកាយវិការនឹករលឹកដល់ម្ចាស់យ៉ាងខ្លាំង ដែលសូម្បីឲ្យស៊ីចំណីក៏វាពុំស៊ីនោះដែរ ក្រោយបែកពីម្ចាស់២ថ្ងៃ។

តែយ៉ាងណា នៅទីបំផុត ករណីនេះ ត្រូវបានសម្តេចតោជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជួយអន្តរាគមន៍ ក្រោយសម្តេចបានពិភាក្សាសម្រេចអនុញ្ញាតឲ្យម្ចាស់ជាជនជាតិចិន អាចយកសត្វតោដែលខ្លួនស្រឡាញ់ដូចកូនបង្កើត មកចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌធ្វើទ្រុងត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពដល់មនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង ដែលធ្វើឲ្យបងប្អូនដែលជាអ្នកស្រឡាញ់សត្វ សម្តែងនូវក្តីរំភើបជំនួសម្ចាស់តោនេះជាខ្លាំង។
ជាមួយគ្នានោះផងដែរ បុរសជនជាតិចិនដែលជាម្ចាស់តោ ក៏បានបង្ហាញក្តីរំភើបជាពន់ក្រៃ និងថ្លែងអំណរគុណដល់សម្តេចសឹងរកពាក្យថ្លែងពុំចេញ ដែលសម្តេចមានទឹកចិត្តមេត្តាសណ្តោសប្រណី ចំពោះអ្នកស្រឡាញ់ចូលសត្វ បានជួយដោះស្រាយបញ្ហាមួយនេះ ធ្វើឲ្យលោកអាចនាំយកសត្វតោរបស់លោកឈ្មោះ ហុីម៉ា ត្រឡប់មកផ្ទះវិញបានយ៉ាងឆាប់រហ័ស។

តែដោយឡែក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បុរសជនជាតិចិនដែលមានឈ្មោះ TOM MU ត្រូវជា ម្ចាស់សត្វតោឈ្មោល ១ ក្បាលនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ចំពោះរឿងមួយនេះ ក្រោយលោកហាក់បង្ហាញនូវក្តីបារម្ភ ចំពោះ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានចូលមកមើល ហ៊ី ម៉ា នៅក្នុងផ្ទះ វីឡា របស់លោក ស្ថិតនៅផ្ទះ លេខ ២២ ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់ បឹងកេងកង ១ ខណ្ឌ បឹងកេងកង។

ដោយក្នុងនោះ តាមរយៈគណនីហ្វេ សប៊ុករបស់ខ្លួនឈ្មោះ Qi Xiao លោក TOM MU បានបង្ហោះសារជាអក្សរខ្មែរ ដែលទំនងអ្នកបកប្រែសរសេរឲ្យយ៉ាងដូច្នេះថា «រយះពេល២ថ្ងៃនេះមានបងប្អូនជាច្រើន បានមកលេងហុីម៉ា ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តការពារ នឹងអនុវត្តវិធានការ ៣ការពារ ៣កុំអោយបានភ្ជាប់ជានិច្ចជៀសវាងជំងឺនេះ រីករាលដាល់កាន់តែខ្លាំង ធ្វើឲ្យថ្នាក់ដឹកនាំពិបាកហើយសង្ឃឹមថា ពេលដែលបងប្អូនមកលេងហុីម៉ា ត្រឹមមើលនឹងថតបានហើយ កុំលេងស្និទ្ធស្នាលពេកជៀសវាង ការពារខ្លាចមនុស្សច្រើនធ្វើឲ្យវាភ័យ អាចមានបញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញអាចកើតឡើង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







