ភ្នំពេញ ៖ ដំណើរការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលខូចខាតរបងថ្ម និងបាត់បង់ទំហំដី បណ្ដាលមកពីការពង្រីកផ្លូវរបស់អាជ្ញាធរមូលដ្ឋាន សង្កាត់ព្រែកថ្មីនៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គិតមកដល់ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានឈានដល់ចំណុចវិជ្ជមានមួយចំនួន ដែលជាលទ្ធផលសម្របសម្រួលរវាងមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋរងផលប៉ះពាល់ បន្ទាប់ពីរ៉ាំរ៉ៃជាងមួយខែរួចមក។

ចំណុចវិជ្ជមាននៃការដោះស្រាយ គឺមន្ត្រីជំនាញនៃអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត់ គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានចុះទៅដល់កន្លែងកើតហេតុ ដែលស្ថិតលើផ្លូវលំមួយខ្សែចូលទៅកាន់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដោយ លោក ហ៊ត់ គឹមនី បានថ្លែងបញ្ជាក់ថា ការពង្រីកផ្លូវអតីតផ្លូវលំដានកង់រទេះពីទំហំ ៨ម៉ែត្រ ទៅ ១៦ម៉ែត្រ ចេញពីអ័ក្សផ្លូវ ដោយពង្រីកសងខាងទំហំ ៤ម៉ែត្រនោះ ត្រូវបានផ្លាស់ប្ដូរ កាត់បន្ថយការពង្រីកទំហំវិញហើយ។
លោក ហ៊ត់ គឹមនី បានឲ្យដឹងថា ផ្លូវនេះត្រូវអនុវត្តពង្រីកទំហំត្រឹមតែ ១០ម៉ែត្រទៅ ១២ម៉ែត្រប៉ុណ្ណោះ ទៅតាមស្ថានភាពបត់បែនរបស់ផ្លូវ ដោយកន្លែងខ្លះទំហំផ្លូវ ១០ម៉ែត្រ នឹងត្រូវទុកចិញ្ចើមផ្លូវទាំងសងខាងទំហំ ១០ម៉ែត្រ , ការប្រែប្រួលដូច្នេះ នឹងធ្វើឲ្យការប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសដីរបស់ ឯកឧត្តមម្នាក់ ដែលបានប្ដឹងតវ៉ានោះ គឺលែងប៉ះពាល់វិញហើយ , ចំណែកឯការប្ដឹងទាមទារសំណងថ្លៃខូចខាតរបងថ្មនោះទៀតសោត អាជ្ញាធរខណ្ឌច្បារអំពៅ នឹងពិនិត្យដោះស្រាយជាជំហានៗ ថាតើត្រូវផ្ដល់សំណងជាទឹកប្រាក់ប៉ុន្មាន ? ឬក៏ត្រូវសាងសង់របងថ្មជូនម្ចាស់ដើមវិញ ? ប៉ុន្តែដំណោះស្រាយយ៉ាងណានោះ នៅមិនទាន់សម្រេចនៅឡើយទេ ដោយខាងអាជ្ញាធរខណ្ឌ សុំពេលដកឃ្លាគិតបន្តិចសិន។

សូមរំលឹកថា ករណីវិវាទនេះ បានកើតឡើង ខណៈដែលក្រុមការងារសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក លីវ វណ្ណថេង ជាចៅសង្កាត់ព្រែកថ្មី យកលេសពង្រីកផ្លូវក្នុងមូលដ្ឋាន ជាខែលការពារគំនិតខូចរបស់ខ្លួន ដោយបើកដៃឲ្យគេប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្លូវ ធ្វើឱ្យបាត់ទំហំដីផ្នែកខ្លះនៃទំហំដីទាំងមូលរបស់គ្រួសារនៃឯកឧត្តមម្នាក់ខាងលើ ដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ( ប្លង់រឹង ) និងវាយកម្ទេចរបងថ្មដែលគេធ្វើការពារព្រំដីរបស់គេ បណ្ដាលឱ្យខូចខាត បាត់បង់សណ្ឋានដើមថែមទៀត ដូច្នេះហើយទើបគ្រួសារនៃឯកឧត្តមម្នាក់នេះ បាត់បង់ទំហំដីពីជាង ២ហិចតា មកនៅត្រឹម ២ហិចតាគត់។
ហេតុការណ៍លេងខូច ខ្ជីខ្ជាក្នុងការអនុវត្តវិធានការ ឬការងារផ្សេងៗរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាននេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំអតីតផ្លូវដានកង់រទេះទំហំ ៨ម៉ែត្រ បំបែកចេញពីផ្លូវធំក្រាលកៅស៊ូ គឺផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ព្រែកឯង ឆ្ពោះទៅស្ពានព្រែកសំរោង ហើយអតីតផ្លូវដានកង់រទេះនេះ គឺបំបែកចាក់ចូលទៅកាន់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងជាផ្លូវចូលទៅកាន់បុរីដ៏ធំមួយឈ្មោះ អិល វីឡា ផងដែរ។

សញ្ញានេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថាក្រុមមន្ត្រីមូលដ្ឋានអាចទទួលបានផលប្រយោជន៍ពីឈ្មួញសង់បុរី អិល វីឡា នេះហើយមើលទៅ បានជាខំធ្វើផ្លូវប្រញិបប្រញាប់ដោយមិនគិត ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះទៅវិញ។
អតីតផ្លូវដានកង់រទេះនេះ មានទំហំ ៨ម៉ែត្រ ត្រូវបាន លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី អះអាងថា ទទួលបានគោលការណ៍ពីសាលារាជធានីភ្នំពេញ ធ្វើការពង្រីកបន្ថែម ៨ម៉ែត្រ ឲ្យទៅជាទំហំ ១៦ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរផង និងជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានក្នុងរាជធានីភ្នំពេញផង។

ទាក់ទិននឹងករណីនេះ មន្ត្រីជំនាញនៅទីស្ដីការគណៈរដ្ឋមន្ត្រី សុំមិនបញ្ចេញឈ្មោះ ឆ្លើយតបថា មិនទទួលបានគម្រោងអភិវឌ្ឍន៍មូលដ្ឋានរបស់សាលារាជធានីភ្នំពេញ នៅចំណុចផ្លូវលំដានកង់រទេះចូលទៅកាន់វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង ឬចូលទៅកាន់បុរី អិល វីឡា នោះទេ, ហើយថា បើជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ មែននោះ ក៏គួរតែអាជ្ញាធររាជធានីភ្នំពេញ ចេញប្លង់ ឬផែនទី ឬគម្រោងអភិវឌ្ឍន៍ខាងលើនេះ ជាលាយលក្ខណ៍អក្សរបញ្ជូនមកកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ រួចបញ្ជូនទៅកាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យសម្រេចផងដែរ ព្រោះវាប៉ះពាល់ដល់ប្រជាពលរដ្ឋទ្រង់ទ្រាយធំ។
មន្ត្រីម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដដែលរូបនេះ បានឲ្យដឹងថា ករណីពង្រីកផ្លូវលំអតីតដានកង់រទេះ ពីទំហំ ៨ម៉ែត្រ ទៅ ១៦ម៉ែត្រនោះ ពេលសួរនាំទៅកាន់មន្រ្តីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីរកមើលគម្រោងប្លង់គោលអភិវឌ្ឍន៍នេះ ជាលាយលក្ខណ៍អក្សរ ដែលចេញដោយសាលារាជធានីភ្នំពេញ គឺមិនមានទេ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

























