ភ្នំពេញ ៖ ថ្វីដ្បិតតែការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ប៉ុន្តែវាក៏មានផលអវិជ្ជមាន ធ្វើឲ្យមានបញ្ហាប្រឈមលើផលប៉ះពាល់បរិស្ថាន និង សង្គមនៅពេលកំពុងអភិវឌ្ឍផងដែរ។

បញ្ហាកាកសំណល់មួយចំនួនរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនៅតែជាក្តីបារម្មណ៍ក្នុងឧស្សាហកម្មនេះ ព្រោះ កាល សំណល់ ត្រូវបានបង្ហូរចូលប្រព័ន្ធលូ និងទន្លេដោយមិនបានធ្វើប្រព្រឹត្តិកម្មគ្រប់គ្រាន់ ឬត្រឹមត្រូវ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវការវិធីសាស្ត្រមួយចំនួន ដើម្បីវាយតម្លៃ និងកំណត់អាទិភាពរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន បណ្តាលមកពីសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន រោងចក្រ និង សហ គ្រាសទាំងនោះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ ជាមួយក្រសួងបរិស្ថាន និងអង្គការ UNIDO ដោយបានទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារបរិស្ថានពិភពលោក (GEF) កំពុងអនុវត្តគម្រោងស្តីពី «អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST)។
វិធីសាស្ត្រចម្រុះ TEST ជួយជំរុញក្រុមហ៊ុនឱ្យមានភាពរីកចម្រើនផ្នែកគ្រប់គ្រងបរិស្ថាន និងភាព ប្រកួតប្រជែង ហើយជួយកែប្រែដំណើរការផលិតកម្មការអនុវត្តការគ្រប់គ្រង និងទស្សនៈវិស័យរបស់ក្រុមហ៊ុន ដើម្បីធានាបាននូវនិរន្តភាព នៃកិច្ចអនុវត្តបៃតង និងធានាដំណើរការផលិតដ៏ប្រសើរបំផុត។

វិធីសាស្ត្រ TEST គឺជា វិធីសាស្ត្រចម្រុះដែលមានរួមបញ្ចូលវិធីសាស្ត្រមួយចំនួនដូចជា ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ដើម្បីប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត រួមជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងចំនួនបីទៀតគឺ គណនេយ្យភាពគ្រប់គ្រងបរិស្ថាន ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម។
ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង បានលើកឡើងថា តាមផែន ការគម្រោង TEST នេះត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២១ ដែលមានរយៈពេល ៤៨ខែ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឹកូវីដ ទើបគម្រោងត្រូវបានពន្យាពេល រហូតដល់ចុងឆ្នាំ២០២២ ដែលនឹងអនុវត្តនៅតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាស ជាដៃគូគម្រោងសរុបទាំងអស់ ៥០មូលដ្ឋាន ដែលមានទីតាំងនៅតាមបណ្តាលខេត្តជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបងជាដើម ដោយឡែកមកដល់ពេលនេះ គម្រោងបានចុះហត្ថលេខាអនុវត្តគម្រោងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសជាដៃគូបានចំនួន ៣៥មូលដ្ឋាន។
គួរបញ្ជាក់ថា បើតាមមន្រ្តីជំនាញ គម្រោងនេះ បានបង្ហាញនូវប្រសិទ្ធភាពរបស់វិធីសាស្ត្រចម្រុះ TEST ក្នុងវិស័យឧស្សាហកម្ម ក្នុងការកាត់បន្ថយ ការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ដែលបាន បញ្ចេញ ដើម្បីបង្កើនផលិតភាព និងគុណភាពរបស់ផលិតផល ការពារបរិស្ថាន ធ្វើឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត៕
រក្សាសិទ្ធិដោយ៖CEN



