ភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួន ខណៈដែលជនទាំងនេះ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ដំណើរតាមផ្លូវ ហើយជួបកម្លាំងនគរបាលខាងលើ កំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវអស់លក្ខណ៍តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិត នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ រួមមាន ៖ទី ១,ឈ្មោះផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២,ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ ។ទី៣,ឈ្មោះចំរើន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី៤,ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សម្ភារៈដកហូតបានម៉ូតូម៉ាកហុងដា ស្គូបពី ដែលជាមធ្យោជិះធ្វើសកម្មភាពចំនួន២គ្រឿង គឺមានស៊េរីឆ្នាំ២០១៩ ពណ៍ក្រហមពាក់ផ្លាកលេខភ្នំពេញ1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ លោកវរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប ទី ១ បាន ដឹកនាំមន្ត្រីនៅក្រោមឱវាទ ចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានក្រោមការ បញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យខាងលើ កំពុងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
ពេលនោះគ្រាន់តែបានឃើញ កម្លាំងនគរបាលភ្លាមជនសង្ស័យទាំងនេះបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្ដង។
ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បានសម្រេចជាច្រើនលើករួចមកហើយ។

ដោយឡែកពេលនេះ បម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបែបនេះ ។ បន្ទាប់ពីទទួលបានចម្លើយសារភាព ពីជនសង្ស័យរួចរាល់ហើយ នគរបាលបាននិងកំពុង បន្តការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម



