ថ្មីៗនេះ ស្ត្រីជាភ្ញៀវទេសចរជនជាតិបរទេសម្នាក់ បានធ្វើឲ្យជនជាតិថៃផ្ទុះកំហឹងយ៉ាងខ្លាំងក្លា បន្ទាប់ពីរូបភាពមិនសមរម្យរបស់នាង ដែលបានអង្គុយថតនៅក្នុងទីកន្លែងពិសិដ្ឋមួយកន្លែងនៅក្នុងប្រទេសនេះ បានរីករាលដាលនៅលើបណ្តាញសង្គម ។
តាមរយៈរូបភាព១សន្លឹកដែលត្រូវបានបង្ហោះឡើងនៅលើផេកហ្វេសប៊ុកឈ្មោះ Aditha But Adit កាលពីថ្ងៃទី២១ មីនា បានបង្ហាញឲ្យឃើញស្ត្រីបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ ឡើងទៅអង្គុយនៅលើបង្កាន់ដៃវិហារនៃវត្ត Phra Kaew ក្នុងកាយវិការអង្គុយបញ្ឈរជង្គង់ ស្ថិតក្នុងសម្លៀកបំពាក់សិចស៊ី ខណៈមិត្តប្រុសរបស់នាងថតរូបភាព ។
នៅក្នុងរូបភាព ឃើញថាស្ត្រីបរទេសរូបនោះ បានថតរូបដោយគ្មានការប្រុងប្រយ័ត្នថាខ្លួននឹងលេចចេញតំបន់កេរ្តិ៍ខ្មាស ដោយមិនខ្វល់ខ្វាយនឹងភ្នែករបស់ភ្ញៀវដទៃទៀត នៅជុំវិញនាងឡើយ ។
បើទោះបីជារូបភាពនេះ ត្រូវបានផេកខាងលើនេះលុបចេញវិញក៏ដោយ តែវាត្រូវបានគេយកទៅបង្ហោះចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតទៅហើយ ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ជនជាតិថៃជាច្រើន ។
ម្ចាស់រូបថតដើមនេះ បានសរសេរថា៖ «ខណៈកំពុងចូលទៅបួងសួងនៅក្នុងវត្ត ក្នុងចំណោមភ្ញៀវទេសចរជនជាតិជាច្រើននាក់ ខ្ញុំពិតជារន្ធត់ជាខ្លាំង នៅពេលក្រឡេកទៅឃើញស្ត្រីនេះអង្គុយមិនសមរម្យបែបនេះ» ។
គួរបញ្ជាក់ថា ជនបរទេសជារឿយៗ តែងបង្កការរិះគន់នេះឡើង នៅក្នុងទឹកដីនៃប្រទេសថៃ ដែលជាទីកន្លែងមួយ ពុំត្រូវបានអនុញ្ញាតឲ្យជនបរទេសណាម្នាក់នាំគ្នាទៅប្រព្រឹត្តរឿងផ្តេសផ្តាស ឬ ប្រមាថចំពោះទីកន្លែងស័ក្ខិសិទ្ធរបស់ពួកគេឡើយ ៕ ចន្ទី