ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងលោក Manu Rajan នាយកប្រតិបត្តិនៃធនាគារវីង បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេស ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក Cambodiatrade.com ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង (ខេមបូឌា) ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្មតាមរយៈ ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម Cambodiatrade.com ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងពីសមិទ្ធិផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក រួមមាន៖ ច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្ថគម្រោង ដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជាយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក៏បានបញ្ជាក់ ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើសហប្រតិបត្តិការជាមួយធនាគារវីង និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់ តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក CambodiaTrade ឲ្យទទួលបានជោគជ័យ៕
រក្សាសិទ្ធិដោយ៖CEN


