តាកែវ ៖ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រសួងការពារជាតិ នៅស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មកដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ គឺដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់បងប្អូនប្រជាពលរ្ឋដ នៅក្នុងស្រុកទាំងពីរបន្តទៀតហើយ ។

ក្នុងនោះបើតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឲ្យដឹងនៅព្រឹកនេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកសំរោង តាមការគ្រោងទុកចំពោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចចាក់វ៉ាក់សាំងបាន គឺមានចំនួន ៩ម៉ឺននាក់ ដោយក្នុងការចាក់វ៉ាក់សាំងនោះដែរ សម្រាប់ប្រជាពលរដ្ឋនៅស្រុកសំរោងលើដូសទី១ គឺយើងបានចាក់វ៉ាក់សាំងទៅលើ ប្រជាពលរដ្ឋបានចំនួន ៧០,៦០៩នាក់ ។
លោកអភិបាលស្រុកបន្តថា មូលហេតុដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ មិនគ្រប់ចំនួនដែលកំណត់ ៩ម៉ឺននាក់នោះ គឺដោយសារតែប្រជាពលរដ្ឋ ដែលនៅសេសសល់ជាង ១ម៉ឺននាក់នោះ គឺមានមួយចំនួនជាប្រជាពលរដ្ឋ ដែលមានប្រកបការងារជាមន្ត្រីរាជការ និងខ្លះជាកម្មករ ដែលធ្វើការងារនៅតាមបណ្តាខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺពួកគាត់បានចាក់រួចរាល់ និងមានមួយចំនួនតូច ទៀតនោះ ជាស្ត្រីមានផ្ទៃពោះ និងអ្នកជម្ងឺរាំរ៉ៃ មិនអាចចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះបាន ។

ដោយឡែកសម្រាប់ស្រុកបាទីវិញ បើតាមការឲ្យដឹងពីលោក ភួង ឈីម អភិបាលស្រុកបាទី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី១ នៅទូទាំងស្រុកបាទី គឺយើងបានចាក់ជូនប្រជាពលរដ្ឋចំនួន ៧៣,២២៧នាក់ហើយ ក្នុងផែនការដែលគ្រោងទុក ជូនប្រជាពលរដ្ឋមានចំនួន ជាង ១០ម៉ឺននាក់ ។ ហើយចំពោះមូលហេតុ ដែលចាក់មិនបានគ្រប់ ទៅតាមផែនការកំណត់នោះ គឺភូមិសាស្ត្រស្រុកបាទី គឺនៅកៀកនឹងរាជធានីភ្នំពេញ និងខ្លះភាគច្រើន ជាកម្មកររោងចក្រ នៅតាមបណ្តាខេត្តកណ្តាល និងកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងការពារបានរួចរាល់ហើយ ។
គួរបញ្ជាក់ផងដែរថា ខេត្តតាកែវ បានតំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋបានចំនួន ៣ស្រុកហើយ ក្នុងនោះ មានស្រុកបាទី ស្រុកសំរោង បានដំណើរការដល់ដូសទី២ហើយ និងស្រុកត្រាំកក់ សម្រេចបានការចាក់វ៉ាក់សាំងដូស ទី១ បានចំនួន ៨០%ហើយ ៕ រក្សាសិទ្ធិដោយ៖តាកែវ


