Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ របស់បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ពាក់ព័ន្ធការ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ១ គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ បានជំនុំជម្រះលើបណ្តឹង សារទុក្ខរបស់បុរសជាប់ចោទ ជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ រូបគាត់កំណត់អស់់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឆ្លងដែន ជិត ១គីទ្បូក្រាម។

សវនាការនេះ ធ្វើទ្បើងក្រោមការដឹកនាំរបស់ចៅក្រមលោក សឹង្ហ បញ្ញាវុឌ្ឍ ជាប្រធានប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល និង មានតំណាងមហាអយ្យការ គឺលោក ឌុច គឹមសន។

លោកចៅក្រម សឹង្ហ បញ្ញាវុឌ្ឍ បានថ្លែងថា មានជនជាប់ចោទ ឈ្មោះ Blingnaut Chan ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង ជាប់ចោទពីបទ “ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

ជនជាប់ចោទត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ កាត់ទោសដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៤០ លានរៀល សម្រាប់ដាក់ចូលក្នុង ថវិកាជាតិ។

លោកចៅបញ្ញាវុឌ្ឍ បានថ្លែងថា ជាប់ចោទ Blingnaut Chan បានប្តឹងជំទាស់ នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស​ រូបគាត់អស់មួយជីវិត ទៅសាលាឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

គាត់ក៏បន្តបណ្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីគាត់បានធ្វើដំណើរ តាមផ្លូវហោះហើរ ពីប្រទេសប្រេស៊ីល មកព្រះរាជាណាចក្រកម្ពុជា។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀន ប្រភេទកូកាអ៊ីន ចំនួនជិត១ គីឡូក្រាម ដែលលាក់ទុកនៅក្នុងវ៉ាលីសដាក់ខោអាវរបស់គាត់។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ Blingnaut Chan បានទទួលសារភាព អំពីកំហុស និង បានសំណូមពរឲ្យតុលាការកំពូលមេត្តា បន្ធូរបន្ថយទោសគាត់ឲ្យបានតិច ដើម្បីគាត់ឆាប់វិលត្រឡប់ ទៅជួបជុំគ្រួសារ គាត់ នៅឯស្រុកកំណើតវិញ។

តុលាការកំពូល នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×