ភ្នំពេញ ៖ ប្រធាន និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បានតែងតាំងលោក Simon Perkins ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាត ដោយការតែងតាំងនេះបានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

លោក Simon Perkins គឺជាអ្នកជំនាញនៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយទទួលបានភាពជោគជ័យ កំណត់ត្រាបទជាមួយ មីលខម (Millicom) ក្រុមហ៊ុនអេស៊ាតា (Axiata) ហាចជីសន (Hutchison) និង ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេស។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “ខ្ញុំសូមធ្វើការទទួលស្គាល់ភាពជោគជ័យរបស់ លោក Ian Watson អស់រយៈពេល៩ឆ្នាំនៃការធ្វើការជាមួយខ្ញុំ និងបម្រើក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងនាមជានាយកប្រតិបត្តិ ដ៏សំខាន់មួយរូប។ លោក Ian កំពុងទន្ទឹងរង់ចាំត្រឡប់ទៅអង់គ្លេសវិញ។ ឥឡូវនេះ ក្រុមហ៊ុនសែលកាតស្ថិតនៅក្នុង ចំណាត់ថ្នាក់ល្អទាំងក្នុងស្រុកនិងក្នុងតំបន់ ដែលត្រូវបានចាត់ទុកថាជាប្រ៊េនដែលអាចវិនិយោគបានខ្លាំង”។

លោកបានបន្ថែមថា៖ “ខ្ញុំរីករាយដែល លោកSimon Perkins បានទទួលយកតំណែងជានាយកប្រតិបត្តិ ហើយទន្ទឹងរង់ចាំការរីកចម្រើនរបស់សែលកាតក្នុងអាណត្តិរបស់គាត់” ។
លោក Simon Perkins បាននិយាយថា៖ “ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្រុមហ៊ុន សែលកាត និងរ៉ូយ៉ាល់គ្រុប។ ខ្ញុំទន្ទឹងរង់ចាំនូវការអភិវឌ្ឍក្រុមហ៊ុនបន្ថែមទៀត និងចូលរួមចំណែកដល់ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជំរុញបន្ថែមឱ្យមានការតភ្ជាប់ពេញលេញ និងងបម្រើប្រព័ន្ធ ទូរគមនាគមន៍ឌីជីថលទូទាំងប្រទសកម្ពុជា”។

សែលកាតគឺជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិកម្ពុជា ១០០ភាគរយ។ ដោយបានដំណើរការតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនសែលកាតគឺជាបណ្តាញទូរស័ព្ទចល័តដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត គឺពានរង្វាន់ ឧស្សាហកម្មជាង៣០ សម្រាប់ឧត្តមភាពបណ្តាញក្រុមហ៊ុន រួមទាំងពានរង្វាន់ Ookla Speedtest ចំនួន៦ជាប់គ្នា និងពានរង្វាន់ជាច្រើនទៀតដែលឈ្នះពី Opensignal រួមទាំងពានរង្វាន់បទពិសោធន៍ហ្គេម (Best Games Experience) ល្អបំផុតនៅខែកុម្ភៈ ឆ្នាំ២០២០៕
