ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ក្រុមនិស្សិតMBAមកពីសាកលវិទ្យាល័យKellogg School Management សហរដ្ឋអាមេរិក អំពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាគិតជាមធ្យម៧,៧%ក្នុងមួយឆ្នាំ អស់រយៈកាលជាច្រើនទសវត្សរ៍កន្លងទៅ ជាមួយនឹងរបបគ្រប់គ្រង ការវិនិយោគបើកចំហនៅក្នុងតំបន់។
នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបសំណេះ សំណាលជាមួយនិស្សិត MBA មកពីសាកលវិទ្យាល័យ Kellogg School Management សហរដ្ឋអាមេរិក ដឹកនាំដោយលោកសាស្ត្រាចារ្យ Dan Keeler ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ការជួបសំណេះសំណាលរបស់ក្រុមនិស្សិតទាំងនេះ មានគោលបំណងស្វែងយល់អំពី បច្ចុប្បន្នភាពនៃការអភិវឌ្ឍ និងការរីកចម្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ផងដែរអំពី ស្ថានភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរឹងនៅកម្ពុជានាពេលបច្ចុប្បន្ន រួមមាន៖ ការស្តារ និងពង្រីកបណ្តាញផ្លូវថ្នល់តភ្ជាប់ទៅ កាន់បណ្តាប្រទេសអាស៊ាន គម្រោងផ្លូវល្បឿនលឿន ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅ និងការអភិវឌ្ឍព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មដើម្បីកាត់ បន្ថយថ្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង មណ្ឌលពន្យារ និងប្តូរប័ណ្ណបើកបរ ដែលចំណាយពេលប្រមាណ១៥នាទី អាចទទួលបានប័ណ្ណ ការដាក់ QR Code លើផ្លាកលេខយានយន្ត ប័ណ្ណសម្គាល់យានជំនិះ និងប័ណ្ណបើកបរ និងប្រព័ន្ធស្វ័យប្រវត្តិកម្មតាមអនឡាញ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសុំឱ្យក្រុមនិស្សិត ក្នុងដំណើរត្រឡប់ ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ ធ្វើជាឯកអគ្គរដ្ឋទូតសុច្ឆន្ទជួយនាំសារទៅប្រាប់មិត្តភក្តិ សហសេវិក បងប្អូន ក៏ដូចជា ពលរដ្ឋអាមេរិកផ្សេងទៀត ឱ្យបានដឹងអំពីការរីកចម្រើន របស់កម្ពុជានាពេលបច្ចុប្បន្ន៕ ដោយ ៖ បញ្ញាស័ក្តិ