Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួសជុល​ឡើង​វិញ​ផ្លូវជាតិ​លេខ​១១ ជាង ៩៦​គី​ឡូ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​

​ព្រៃវែង ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន បាន​បញ្ជា​គ្រឿងចក្រ បើក​ការដ្ឋាន​សាង សង់​ឡើង​វិញ​ផ្លូវជាតិ​លេខ​១១ ដែល​ភ្ជាប់​ពី​អ្នក​លឿង​ផ្លូវជាតិ​លេខ ១ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៧ នៃ​ខេត្ត​ត្បូងឃ្មុំ ប្រវែង​ជាង ៩៦,៤៨​គីឡូម៉ែត្រ ដែល​មាន​តម្លៃ​ជាង ៩៤​លាន​ដុល្លារ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។

​ក្នុងឱកាស​នោះ​ដែរ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបញ្ជាក់​ថា គម្រោង​សាងសង់​ឡើង​វិញ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​វាង​នេះ​ចាប់​ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ លេខ​១ ស្ថិតនៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ដល់​ថ្នល់ទទឹង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​នោះ​ប្រវែង​ផ្លូវ​ជិត ៦៩​គីឡូម៉ែត្រ ស្ថិត​ក្នុង​ទឹកដី​នៃ​ខេត្ត​ព្រៃវែង និង​ប្រវែង​ជាង ២២​គីឡូម៉ែត្រ ស្ថិត​នៅក្នុង​ទឹកដី នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ ជា​ខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម សា​ជា​ថ្មី​ម្តងទៀត​ជាមួយ​លោក ស្យង់ ព័​រ (Xiong Bo) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១១​នេះ ។ តាមរយៈ​ផ្លូវ​នេះ​នឹង​បាន​រួមចំណែក​យ៉ាង​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​ខេត្ត​ព្រៃវែង ត្បូងឃ្មុំ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើដំណើ​ឆ្លងកាត់​។ មុន​នឹង​មាន​ការសាងសង​ផ្លូវ​នេះ យើង​ក៏​បាន​ធ្វើ​ការជួសជុល​ជា​បន្តបន្ទាប់​ផង​ដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​ជានិច្ចកាល​តែងតែ​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋា រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រទេស​ចិន​មិន​ត្រឹមតែ​អភិវឌ្ឍន៍​ខ្លួនឯង​ឲ្យបាន​រីកចម្រើន​ប៉ុណ្ណោះ​ទេ​តែ​ចិន​ក៏​បាន​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជិតខាង​មួយចំនួន​ផង​ដែរ ជាក់ស្តែង​ដូច​ប្រទេស​កម្ពុជា​យើង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ទំនាក់​ទង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​មិត្ត​ចិន ដែល​អាច​ចាត់ទុកថា​ជាការ​ដើរ​បន្ត​តាម​ព្រះរាជ​សកម្មភាព​ព្រះ​បរម​រតន​កោដិ សម្តេចព្រះ នរោត្តម សីហនុ ដែល​កន្លងមក​ព្រះអង្គ​បាន​ផ្សាភ្ជាប់ និង​មាន​ទំនាក់ទំនង​ល្អ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​។ តាមរយៈ​ទំនាក់ទំនង​ទាំងអស់នេះ​គឺ​បាន​ផ្តល់​នូវ​ផល ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ក្នុង​ការសាងសង​ស្ពាន​ដល់​កម្ពុជា​ចំនួន ៧ រួចមកហើយ ដែល​ចំណាយ​អស់​ទឹក​ប្រមាណ​ជាង ២១៦ លាន​ដុល្លារ​អាមេរិក និង​កំពុង​សាងសង​ស្ពាន​មួយទៀត ដែល​ត្រូវ​ឆ្លង​ពី​ស្រុង​ស្ទឹងត្រង់ ទៅ​ស្រុក​ក្រូចឆ្មា ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​មុន​។ ពេល​ដែល​ផ្លូវជាតិ​លេខ​១១​នេះ​ត្រូវបាន​សាងសង​រួចរាល់​ហើយ​នោះ​គឺ​នឹង​បាន​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹម​តែ​អ្នក​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​ប៉ុណ្ណោះ​នោះទេ តែ​ផ្លូវជាតិ​នេះ ក៏​បាន​ផ្សា ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៨ និង​ភ្ជាប់​ទៅកាន់​ស្ពាន​ដែល​កំពុង​សាងសង​ក្នុង​ខេត្ត​កំពង់ចាម គឺ​ពី​ស្រុក​ស្ទឹង ត្រង់ ទៅ​ស្រុក​ក្រូចឆ្មា ផងដែរ ដែល​នឹង​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​ជាង​មុន​។​

​ស​ម្តេ​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកយាយ​លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ដែល​កន្លងមក​តែងតែ​គាំទ្រ​ចំពោះ​ការដឹកនាំ​ប្រទេស​របស់​សម្តេច​ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការីកចម្រើន​លូតលាស់​ចាប់ពី​ដំណាក់កាល​សង្គ្រោះ​ជាតិ​រហូត​ដល់​ការកសាង​អភិវឌ្ឍន​ជាតិ​ដូច​ពេលនេះ​។ ដូច​ច្នេះ​ដើម្បី​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែល​បាន​កើតឡើង​ទាំង អស់នេះ សម្តេច​តេជោ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា រក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ព្រោះ​បើ​គ្មាន​សន្តិភាព​ទេ គឺ​មិន​មាន​ការអភិវឌ្ឍ​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ចិន​ដែល​បាន ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តី សុខ​ចម្រើន​គ្រប់ៗ​គ្នា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×