ដោយសារតែនៅកន្លែងបូជាសព នៅ Bhopal បានផ្ទុកទៅដោយឆ្អឹង (ធាតុ) ដែលគ្មានសាច់ញាតិមកយកច្រើនពេក អាជ្ញាធរឥណ្ឌា បានបង្កើតដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈប្រើ «ធាតុ» របស់ជនរងគ្រោះដោយសារជំងឺកូវីដ១៩រាប់ពាន់នាក់ ដើម្បីសាងសង់ឧទ្យានរំព្ញកដល់វិញ្ញាណក្ខន្ធរបស់ពួកគេ។

ក្នុងអំឡុងពេលមួយរយៈ នៃការផ្ទុះឆ្លងរលកទី២ នៃវីរុសកូវីដ-១៩ គឺកន្លែងបូជាសព Bhadbhada Vishram Ghat ក្នុងទីក្រុង Bhopal នៃរដ្ឋ Madhya Pradesh គឺផ្ទុកទៅដោយឆ្អឹង (ធាតុ) របស់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ យ៉ាងច្រើនគួរឲ្យព្រួយបារម្ភ ព្រោះថាពុំឃើញមានសាច់ញាតិណាមកទទួលយកនោះទេ។
អ្នកគ្រប់គ្រងកន្លែងបូជាសព លោក Mamtesh Sharma អាយុ ៥១ ឆ្នាំ ដែលបានព្រួយបារម្ភពីកន្លែងដាក់ធាតុ បាននិយាយថា «នៅក្នុងរលកទី២នៃការផ្ទុះឆ្លងនេះ យើងបានបូជាសពអ្នកជំងឺកូវីដ១៩ ពី ១០០ នាក់ ទៅ ១៥០ នាក់ ក្នុង១ថ្ងៃ។ ឥឡូវនេះ មិនមានកន្លែងទំនេរសម្រាប់ដាក់ធាតុទេ ប៉ុន្តែយើងពិតជាត្រូវការកន្លែង សម្រាប់បូជាសពដទៃទៀត»។ លោក Sharma ឲ្យបានឲ្យដឹងផងដែរថា បើតាមសាសនាហិណ្ឌូ ជាទម្លាប់គេតែងធ្វើការរាយធាតុនៃមនុស្សជាទីស្រឡាញ់ដាក់ចូលក្នុងទឹកទន្លេ ប៉ុន្តែ ចំពោះរឿងនេះ លោកមិនចង់បំពុលទឹកទន្លេ ក្នុងតំបន់ជាមួយធាតុអ្នកស្លាប់ច្រើនបែបនេះឡើយ។

ហេតុនេះ លោក Sharma បានបង្កើតដំណោះស្រាយ ដោយធ្វើការរច្របល់ធាតុអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលគ្មានសាច់ញាតិមកយក លាយជាមួយដី ខ្សាច់ អាចម៌រណា និងអាចម៌គោ រួចយកទៅពង្រាយលើដីបោះបង់ចោលមួយ ដែលមានទំហំប្រមាណ ១២,០០០ ម៉ែត្រការ៉េ ដើម្បីសាងសង់ជាសួនរំព្ញកដល់វិញ្ញាក្ខន្ធសព សម្រាប់អ្នករស់នៅក្បែរៗនោះ អាចធ្វើការរំព្ញកដល់សពជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


