ខេត្តព្រះសីហនុ ៖ នាយកក្រុមហ៊ុន ជី. ធី. វី. ស៊ី, ស្ពីដប៊ូតកម្ពុជា (G.T.V.C, Speed Boad Cambodia) លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកអង្ក ម្ហូបអាហារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួន ជួយឧបត្ថម្ភជូននាយនាវី នាយនាវីរង និងពលនាវឹកកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នាខែមេសាខាងមុខ។
ថ្លែងនៅចំពោះមុខ ថ្នាក់ដឹកនាំកងទ័ពជើងទឹក និងនាយនាវី នាយនាវីរង ព្រមទាំងពលនាវឹកកងទព័ជើងទឹកមូលដ្ឋានសមុទ្រជាង ១ពាន់នាក់ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។ លោកឧកញ៉ា ទៀ វិចិត្រ ដែលកន្លងមក ក៏ជានាយនាវីមួយរូប បម្រើការងារនៅក្នុងកងនាវាល្បាត នៅមូលដ្ឋានសមុទ្រផងនោះ មានប្រសាសន៍ថា ការនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកផ្តល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលកំពុងប្រចាំការ ការពារគោលដៅនៅតាមបណ្តាកោះ និងតាមអង្គភាពផ្សេងៗនៅពេលនេះ គឺជាការដឹងគុណដល់បងប្អូនអ៊ុំពូមីង កំពុងបម្រើការងារនៅក្នុងស្ថាប័នកងទ័ពជើងទឹកទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តដើម្បីការពារជាតិមាតុភូមិ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំឲ្យសង្គមជាតិមានការរីកចំរើន មានស្ថេរភាពសង្គម និងមានសុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា គ្រឿងឧបភោគបរិភោគ ដែលបាននាំយកទៅឧបត្ថម្ភ ជូននាយនាវី នាយនាវីរង និងពលនាវឹកកងទព័ជើងទឹកមូលដ្ឋានសមុទ្រពេលណេះ មានថវិកាចំនួន ២០លានរៀល និងឧបត្ថម្ភថវិកាចំនួន ២០លានរៀលទៀត ជូនដល់អង្គភាពបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម ទុកសម្រាប់ចាត់ចែងកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មី ឲ្យមានភាពសប្បាយរីករាយ។ ក្នុងនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់កសាងអង្គភាពវរៈសេនាតូចកោះឆ្នេរចំនួន ១ពាន់ដុល្លារសហរដ្ឋអាមេរិក និងឧបត្ថម្ភថវិកាចំនួន ៣ពាន់ដុល្លារអាមេរិកទៀត ជូនសាលាបឋមសិក្សាក្នុងមូលដ្ឋានសមុទ្ររាម ដែលកុមារភាគច្រើនកូនចៅកងទព័ជើងទឹករៀនក្នុងសាលានេះ។
លោកឧកញ៉ា ទៀ វិចិត្រ បានគាំទ្រ និងអនុវត្តឲ្យស្របទៅតាមទិសស្លោកដែលថា “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ” ។
នាឱកាសនោះដែរ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការកងទព័ជើងទឹកមូលដ្ឋានសមុទ្រ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ាទៀ វិចិត្រ នាយកក្រុមហ៊ុន ជី. ធី. វី. ស៊ី, ស្ពីដប៊ូតកម្ពុជា ដែលបានចំណាយពេលវេលាដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងចំណាយថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញសម្ភារៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងផ្តល់ថវិកាចែកជូនដល់កងទ័ពជើងទឹក នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ឆាប់ៗនេះ៕ ដែន សីមា