Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ធុរកិច្ច អបអរ​សារ​ទរ​ចំពោះ​ច្បាប់​វិនិ យោគ​ថ្មី ដែល​រាជរដ្ឋាភិបាល ទើប​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

​ភ្នំពេញ​៖ អ្នក​ធុរកិច្ច​ជឿជាក់ថា ច្បាប់​វិនិយោគ​ថ្មី​នេះ និង​ទាក់ទាញ​វិនិយោគ​បន្ថែមទៀត​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើននៅ​កម្ពុជា​។ អ្នកវិនិយោគ ចាត់ទុក​សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី ដែល​រាជរដ្ឋាភិបាល​ទើបតែ​បាន អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​ថ្មីៗ​នេះ ជា​ដែក​ឆក់​ស្រូប​ទាញ​វិនិយោគ​បន្ថែមទៀត​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ មាន​១២​ពូក និង​៤២​មាត្រា ត្រូវបាន​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បានអនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​ភាស ដើម្បី​ពិនិត្យ និង​អនុម័ត​បន្ត​។​

រាជរដ្ឋាភិបាល អះអាងថា សេចក្តីព្រាងច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​នេះ គឺ​ដើម្បី​ជំនួស​ច្បាប់ ស្ដីពី​វិនិយោគ​ចាស់ ដែល​បាន​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​១៩៩៤ និង​ឆ្នាំ​២០០៣​។ ការបង្កើត​ច្បាប់​ថ្មី​នេះ ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាព​ទាក់ទាញ និង​ប្រសើរ​ជាង​មុន​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដូចជា​ពង្រឹង​ភាព​ទាក់ទាញ និង​សមត្ថភាព​បំពេញបន្ថែម ជាពិសេស​គិតគូរ​អំពី​ការផ្តល់​ការលើកទឹកចិត្ត ដល់​វិស័យ​អាទិភាព កម្រិត​បច្ចេកវិទ្យា និង​បច្ចេកទេស ការបង្កើត​ការងារ ការបណ្តុះបណ្តាល​ជំនាញ ការសិក្សា​ស្រាវជ្រាវ ការអភិវឌ្ឍ​និង​នវានុវត្តន៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​អ្នក​ធុរកិច្ច និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ឧកញ៉ា លឹម ហេង បានបង្ហាញ​ពី​ការគាំទ្រ និង​អបអរ​សារ​ទរ​ចំពោះ​ច្បាប់​វិនិយោគ​ថ្មី ព្រោះ​កន្លងមក សភាពាណិជ្ជកម្ម​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ បាន​ចូលរួម​ផ្ដល់​ធាតុ​ចូល​ជាច្រើន​ដល់​ច្បាប់​ថ្មី​នេះ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ឧកញ៉ា​បាន​មានប្រសាសន៍ថា «​កន្លងមក​យើង​មាន​បញ្ហា​ប្រឈម​រឿង​ការផ្គត់ផ្គង់​ក្នុងស្រុក ដើម្បី​កែច្នៃមាន​ ជាប់ VAT ប៉ុន្ដែ​នៅពេលដែល​មានច្បាប់​ថ្មី​នេះ ខ្ញុំ​គិតថា​អាច​នឹង​រួច VAT ហើយក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មានលទ្ធភាព​ផ្គត់ផ្គង់ ដល់​រោងចក្រ​សហគ្រាស ដែល​វិនិយោគ​នាំចេញ​»​។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​អនុគណៈកម្មការ​វិនិយោគ​ខេត្ត អាច​អនុម័ត​គម្រោង​ដែលមាន​ទឹកប្រាក់​ធំ​ជាង​មុន ដែល​ច្បាប់​ចាស់​មាន​ត្រឹម​២​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ភាព​ទាក់ទាញ​របស់​កម្ពុជា ពី​សំណាក់​វិនិយោគិន សេចក្តីព្រាងច្បាប់​នេះ បាន​បំ​ព្រួញ​ពេលវេលា​ក្នុង​ការចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពី ៣១​ថ្ងៃ ទៅ​២០​ថ្ងៃ ហើយ​ការបំពេញ​ពាក្យសុំ​ចុះបញ្ជី​អាច​ធ្វើទៅ បាន​តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (Online)​។ សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​ដាក់ចេញ​នូវ​ការពង្រឹង​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ក្នុងពេល​តែមួយ​និង​រួមគ្នា ព្រមទាំង​កំណត់​នូវ​របប​លើកទឹកចិត្ត ទាំង​ផ្នែក​ពន្ធ និង​មិនមែន​ពន្ធ ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ មកកាន់​វិស័យ​ដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់ ក្នុង​បរិបទ​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការបង្កើន​ភាព​ប្រកួតប្រជែង​៕​ រក្សាសិទ្ធិដោយ ៖ CEN

×