រដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍ ដោយសារភ្លៀងមូសុងដែលត្រូវបានគេរំពឹងទុក ដំណើរការយឺតជាងកាលវិភាគនៅក្នុងតំបន់។ ជាលទ្ធផលប្រជាជនឥណ្ឌារាប់លាននាក់ កំពុងប្រឈមមុខនឹងអាកាសធាតុក្តៅបំផុតមួយនៅលើផែនដី ដោយសីតុណ្ហភាពពេលថ្ងៃ ត្រូវបានគេកត់ត្រាខ្ពស់ជាង ៤០ អង្សាសេបួនថ្ងៃជាប់ៗគ្នាតែម្តង។

នេះបើតាមសេចក្តីរាយការណ៍របស់ Al-Jazeera បានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់រួមមាន រដ្ឋភាគខាងជើងឥណ្ឌា Rajasthan, Haryana, Uttar Pradesh, ដេលី និងក៏ដូចជានៅផ្នែកធំនៃ Punjab នៅភាគខាងលិច និង Madhya Pradesh នៅភាគកណ្តាលឥណ្ឌា ផងដែរ។ ក្នុងនោះ ទីក្រុងញូវដេលី មានសីតុណ្ហភាព ៤៣.១ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ (១ កក្កដា ២០២១) ដែលជាថ្ងៃនៃខែកក្កដា ក្តៅបំផុតនៅក្នុងទីក្រុងនេះ ចាប់តាំងពីឆ្នាំ ២០១២ នៅពេលដែលសីតុណ្ហភាព បានឡើងកម្តៅរហូតដល់ ៤៣.៥ អង្សាសេ។
នាយកដ្ឋានឧតុនិយមឥណ្ឌា បានបញ្ជាក់ថា សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងនៅលើសពី ៤០ អង្សាសេ សម្រាប់សប្តាហ៍ខាងមុខនេះ ដោយសារតែការមកដល់នៃចុងខ្យល់មូសុងនិរតី និងមានខ្យល់ក្តៅ បក់មកពីរដ្ឋវាលខ្សាច់ Rajasthan និងក៏ដូចជាមកពីប្រទេសជិតខាងប៉ាគីស្ថាន។

កំដៅខ្លាំងបែបនេះ បានបង្ខំឱ្យអាជ្ញាធរនៅរដ្ឋ Punjab ប្រកាសបិទរោងចក្រឧស្សាហកម្ម រយៈពេល២ថ្ងៃ និងកាត់បន្ថយម៉ោងធ្វើការ សម្រាប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីតម្រូវការអគ្គិសនីកើនឡើងដល់ ១៥.០០០ មេហ្គាវ៉ាត់ ដែលភាគច្រើនមកការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានការហក់ឡើងយ៉ាងខ្លាំង ដើម្បីដោះស្រាយទប់ទល់នៃកម្តៅនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ប្រទេសឥណ្ឌាបានជួបគ្រោះនៃសីតុណ្ហភាពកម្ដៅដ៏អាក្រក់បំផុត នៅក្នុងឆ្នាំ ២០១៥ ដែលនៅពេលនោះ មនុស្សយ៉ាងតិច ២០០០ នាក់ ត្រូវបានស្លាប់ដោយសីតុណ្ហភាពមានកម្ដៅដ៏ខ្លាំងពេក។ ឥណ្ឌាសង្ឃឹមថា ប្រវតិ្តសាស្រ្តនឹងមិនកើតឡើងម្តងទៀតនៅឆ្នាំនេះទេ ហើយថារដ្ឋាភិបាល នឹងអាចធ្វើការគ្រប់គ្រងចាត់ចែង និងការពារប្រជាជនរបស់ខ្លួនប្រឆាំង នឹងការឡើងកម្តៅខ្លាំងមួយនេះឲ្យបានល្អប្រសើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




