ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបានគេដឹងថា កំពុងថ្លឹងថ្លែងការរំសាយមុខនាទីនាយកខុទ្ទកាល័យសេតវិមានរបស់ John Kelly ហើយនឹងស្វែងរ៉ាប់រងតួនាទីនេះ -បើតាម NBC News ដកស្រង់ប្រភពច្បាស់ការណ៍ឲ្យដឹងថ្ងៃទី ២២ មីនា ។
តាម NBC ប្រធានាធិបតីត្រាំ បាននិយាយប្រាប់មនុស្សមួយចំនួននៅក្រៅសេតវិមានថា លោកនឹងទុកកៅអីនាយកខុទ្ទកាល័យសេតវិមានឲ្យនៅទំនេរ។ ពេលនោះលោកនឹងទទួលរបាយការណ៍ផ្ទាល់ពីបណ្តាជំនួយការជាន់ខ្ពស់ ប្រហែលចង់ធ្វើតាមទម្រង់ការងាររបស់សម្ព័ន្ធក្រុមហ៊ុនត្រាំ កាលពីមុនរបស់លោក ។ ព័ត៌មានខាងលើត្រូវបានផ្សាយចេញបន្ទាប់ពីអតីតទីប្រឹក្សាសារព័ត៌មាន Steve Bannon ប្រាប់ Financial Times ប្រសិនបើនាយកខុទ្ទកាល័យសេតវិមាន John Kelly ត្រូវចាកចេញពីរដ្ឋការនេះ នោះប្រធានាធិបតីត្រាំ និងពុំស្វែងរកមនុស្សជំនួសឡើយ។
ពាក្យចចាមអារាមពីការដែលលោក Kelly អាចត្រូវបណ្តេញចេញពីមុខតំណែង បានលេចឮក្នុងស្ថានភាពដែលអំឡុងពេលកន្លងទៅថ្មីៗនេះ មានមន្ត្រីរដ្ឋាភិបាលជាច្រើន ត្រូវបណ្តេញ ឬលាលែងពីមុខតំណែង ក្នុងនោះមានជាអាទិ៍ ប្រមុខការទូត Rex Tillerson ទីប្រឹក្សាសន្តិសុខជាតិ H.R.McMaster ។
ថ្វីត្បិតមុននេះ លោកត្រាំ ធ្លាប់និយាយថា កៅអីរបស់លោក Kelly គឺ “សុវត្ថិភាព ១០០% ក្តី” ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយទម្លាយចេញនោះ រវាងពួកគេទាំងពីរ ក៏ធ្លាប់កើតមានការខ្វែងគំនិតខ្លះៗ ចាប់តាំងពីលោក Kelly ចូលមកបម្រើការងារក្នុងសេតវិមាន តាំងពីរដូវរំហើយឆ្នាំទៅមិញ ប្រភពមួយចំនួនិយាយថា ម្ចាស់សេតវិមានមានអារម្មណ៍ ត្រូវ “ចងដៃចងជើង” ដោយសារកិច្ចការខ្លះរបស់លោក Kelly ៕ សូយន