ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលបើករថយន្តបុកម៉ូតូកង់បី បណ្ដាលឲ្យស្លាប់អ្នកចម្រៀងស្រីម្នាក់ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨នេះត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជនជាប់ចោទឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ កាក់ ចន្ធី អាយុ៣៨ឆ្នាំ ជាអ្នកចម្រៀងរ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង ខណ្ឌ ចំការមន ។ ជនជាប់ចោទ ត្រូវបញ្ជូនខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធីជាក្រោយ ពាក់ព័ន្ធករណី បើករថយន្តព្រុសបុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានជនរងគ្រោះជាជន ជាតិបារាំងម្នាក់ដែរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមរំលឹកថា កាលពីវេលាម៉ោងជិតរំលងអធ្រាត្រ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៤៣ នៅចំណុចស្តុបទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងដោយអ្នក បើក រថយន្តឈ្មោះ នួន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បើក រថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ អត់ស្លាកលេខ ត្រូវបានឃាត់ខ្លួនភ្លាមៗ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកចម្រៀងម្នាក់ឈ្មោះ កាក់ ចន្ធី អាយុ៣៨ឆ្នាំ ជាអ្នកចម្រៀងរ៉ុកខេនរ៉ូល នៅហាងបារាំង ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកបុរសជាជនជាតិបរទេសម្នាក់រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯអ្នកបើកម៉ូតូកង់បីរងរបួស និងខូចខាតម៉ូតូទាំងស្រុង។ ចំណែករថយន្តបង្កវិញខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាងទៅមុខលែងរួច ៕ ដោយ ៖ បញ្ញាស័ក្តិ