ពួកអ្នកលេងល្បែងភ្នាល់លុយ «ប្រជល់សត្វប្រយុទ្ធស៊ីសាច់ហុចឈាមគ្នា» មួយក្រុម នៅក្នុងប្រទេសវៀតណាម បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យឃើញសត្វឆ្កែ៣ក្បាល ព្រួតវាយប្រហារសត្វជ្រូកព្រៃ១ក្បាលយ៉ាងសាហាវ ស្ថិតនៅក្នុងដីចម្ការមួយកន្លែង ក្នុងទីក្រុងហាណយ ។
វីដេអូបានបង្ហាញឲ្យឃើញជ្រូកព្រៃ១ក្បាល ត្រូវបានម្ចាស់របស់វាព្រលែងចេញពីទ្រុង ខណៈម្ចាស់ឆ្កែម្ខាងទៀត កំពុងរង់ចាំ ។ គ្រាន់តែព្រលែងពីដៃភ្លាម សត្វឆ្កែ៣ក្បាលដែលហាក់ដូចចងគំនុំពីកាលណា បានស្ទុះទៅវាយប្រហារជ្រូកព្រៃយ៉ាងសាហាវ បណ្តាលឲ្យវារត់យកប្រាសអាយុ ប៉ុន្តែ ដោយពុំអាចរត់ទៅណារួច ជ្រូកនេះក៏បានវាយបកដោះទាល់នៅនឹង «អ្នកវាយប្រហារ» របស់ខ្លួន ស្ថិតក្នុងសម្រែកឈឺចាប់យ៉ាងខ្លាំងក្លាតែម្តង ។
ដោយពុំអាចប្រយុទ្ធតតាំងនឹងសត្រូវដ៏កំណាចទាំង៣បាន ជ្រូកព្រៃនេះបានបន្តរត់ចេញទាំងរងរបួសឆ្លេរឆ្លា ក្នុងក្តីអស់សង្ឃឹម ខណៈហ្វូងមនុស្សយ៉ាងច្រើនកុះករសម្រុកចូលថតវីដេអូ នៃទិដ្ឋភាពវាយប្រហាររវាងសត្វនិងសត្វដ៏ឃោរឃៅនេះ និងនាំគ្នាស្រែកហ៊ោសប្បាយឡើងកងរំពងពេញដីចម្ការតែម្តង ។
ទោះយ៉ាងណា យើងក៏ពុំដឹងថា ជោគវាសនារបស់ជ្រូកព្រៃនោះ នឹងទៅជាយ៉ាងណានោះទេ ។
បន្ទាប់ពីវីដេអូនៃហេតុការណ៍ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងក្លា ចំពោះទង្វើធ្វើបាបសត្វដ៏ឃោរឃៅ ពីសំណាក់ពួកមនុស្សទាំងនោះបានរីករាល, ប៉ូលីសក្រោយមក ក៏បានបើកការស៊ើបអង្កេតផងដែរ ៕ ចន្ទី