Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រសារដ្ឋមន្ត្រីក្រសួងកសិកម្ម នៅពីក្រោយខ្នងឧកញ៉ា លឹម សុផល រកស៊ីនាំចូលជ្រូកផ្តាច់មុខ ចូលមកកម្ពុជា

ភ្នំពេញ ៖ ប្រភពច្បាស់ការណ៍ បានទម្លាយឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកនៅពីក្រោយខ្នងសម្រាប់កាង ឱ្យឈ្មួញរកស៊ីនាំចូលជ្រូក របស់លោកឧកញ៉ា លឹម សុផល ផ្តាច់មុខចូលមកកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ ខាតចំណូលជិត ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារទិញសាច់ជ្រូកក្នុងតម្លៃថ្លៃ សម្រាប់បរិភាគប្រចាំថ្ងៃនោះ គឺលោកសៀក ឡេង កូនប្រសារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំពោះការឃុបឃិតគ្នានេះ ទាំងអ្នកលក់សាច់ជ្រូក តាមតូបនៅផ្សារ កុងស៊ីកាប់ជ្រូក និងអ្នករកស៊ីលក់ជ្រូក សុទ្ធតែដឹងទាំងអស់គ្នា ដោយប្រើប្រាស់ក្រសួងស្ថាប័ន ជំនាញជាខែលការពារការរកស៊ីផ្តាច់មុខ ធ្វើឲ្យខាតបង់ចំណូលប្រជាជននេះ។

ចំពោះការចោទប្រកាន់នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា “ជាល្បិចរបស់ពួកឈ្មួញ នាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ”។

ប្រភពដដែលបានបន្តថា ដើម្បីកុំប្រជាពលរដ្ឋខាងបង់ថវិកា រាប់រយលានដុល្លារបែបនេះទៀត ពលរដ្ឋស្នើឲ្យមានការរៀបចំ ដាក់ដេញថ្លៃគោលការណ៍ នាំចូលជ្រូករស់ពីប្រទេសថៃ ដើម្បីប្រមូលចំណូលចូលជាតិផង និងជួយឲ្យប្រជាពលរដ្ឋសន្សំ បានការចំណាយរបស់ខ្លួនផងដែរ។

មន្ត្រីបានបន្តទៀតថា ចំពោះបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម គួរគិតគូរដោះបញ្ហានាំចូលត្រី និងនាំចូលជ្រូករស់ កុំបន្តឱ្យឈ្មួញនាំចូលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ខាតចំណូលរាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗតទៅទៀត។ ប៉ុន្ដែដំណោះស្រាយ ត្រូវរដ្ឋមន្រ្តីកសិកម្ម ឈប់កាងឱ្យកូនប្រសាគាត់លូកលាន់ ចូលក្នុងជំនួញជ្រូក ដែលនាំឱ្យប្រជាជនខាតបង់ជិត ១០០លានដុល្លារក្នុងមួយឆ្នាំៗ។
ដាក់ដេញថ្លៃរឿងផ្គត់ផ្គង់ជ្រូក នាំចូលបំពេញការខ្វះខាត យកលុយចូលថវិការជាតិវិញ។
បើតាមប្រភពព័ត៌មាន បានបង្ហាញគិតគូរគណនាតួរលេខ នៃការនាំចូលជ្រូករស់ របស់ឈ្មួញនាំចូល សូមដកស្រង់ដូចខាងក្រោម៖
តម្លៃជ្រូករស់នៅប្រទេសថៃ នៅសប្តាហ៍នេះតម្លៃ៦៦ បាតថៃ គឺស្មើនឹង៨,៥០០រៀលក្នុង១គីឡូក្រាមក្រុមហ៊ុន C/P ដឹកអោយដល់ព្រំដែនកម្ពុជាតែម្តង បើបូកថែមចំណាយផ្សេងៗ ឲ្យអស់រកតម្លៃជ្រូករស់មកដល់ប្រទេសកម្ពុជា៖
(តម្លៃជ្រូករស់ជាក់ស្តែងនៅប្រទេសថៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ៖ក្រុមហ៊ុន CPF លក់ចេញ ៦៦បាត ដឹកដល់ព្រំដែនកម្ពុជាថៃ)
– ផាត់ថ្លៃស្រក់គីឡូ៖ ៣០០រៀលក្នុង១គីឡូ
– បង់ពន្ធនាំចូល ៥០០រៀលក្នុង១គីឡូ
សរុបថ្លៃដើមគឺ៖ (៨,៥០០ + ៣០០ + ៥០០) = ៩,៣០០រៀលក្នុង១គីឡូក្រាម ស្រាប់តែជ្រូករស់ឆ្លងដល់ព្រំដែនកម្ពុជា អ្នកនាំចូលលក់ក្នុងតម្លៃមួយខ្ពស់គឺ ១៣,៥០០រៀលទៅ១៤,០០០រៀលក្នុង១គីឡូ គឺចំណេញ៤០០០រៀលក្នុង១គីឡូ។
ដោយជ្រូកមួយក្បាលមានទំងន់ ១០០គីឡូជាមធ្យម ហើយក្រុមហ៊ុនគេនាំចូលយ៉ាងតិច ១២០០ក្បាលក្នុងមួយថ្ងៃ សាកគុណលុយចំណេញខាងក្រោមនេះ៖
– ប្រាក់ចំណេញ = (ថ្លៃលក់ -ថ្លៃដើម )
– ប្រាក់ចំណេញ = (១៣,៥០០-៩,៣០០) = ៤២០០រៀលក្នុង1kg

  • ប្រាក់ចំណេញសរុបជាអក្សរ: (ចំណេញក្នុង១គីឡូ x ទំងន់ជ្រូក១០០kg x បរិមាណសរុបប្រចាំថ្ងៃ ១២០០ ទៅ ២,៨៨០ក្បាល) គោលការណ៍ជាក់ស្តែង: ២,៨៨០ក្បាលក្នុង១ថ្ងៃ។
  • ប្រាក់ចំណេញសរុបជាតួលេខ: (៤,២០០រៀល x ១០០kg x ១២០០ក្បាល)= ៥០៤,០០០,០០០រៀល គិតជាដុល្លារ = ១២៦,០០០ដុល្លារក្នុង១ថ្ងៃ (នេះគ្រាន់តែការចំណេញមួយផ្នែក របស់អ្នកនាំចូលផ្តាច់មុខតែប៉ុណ្ណោះ)។

ពិតណាស់ គឺតម្លៃសាច់ជ្រូកនៅលើទីផ្សារមានតម្លៃថ្លៃខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ គឺ ២៧,០០០រៀលក្នុង១គីឡូក្រាម ។ ដែលតម្លៃពីមុនគឺត្រឹមតែ១៨,០០០រៀលតែប៉ុណ្ណោះ ក្នុង១គីឡូក្រាម។
បើនិយាយពីរូបមន្តចំណាយរបស់កសិដ្ឋានធំៗ លើការចិញ្ចឹមជ្រូកបានកើនគីឡូ១គីឡូ គឺត្រូវចំណាយត្រឹម តែ ១.៨០ដុល្លារប៉ុណ្ណោះ ការចំណាយនេះរួមមាន: ចំណី, ការចាក់វ៉ាក់សាំងជ្រូក, កម្លាំងពលកម្មកម្មករ, រួមទាំងហានិរភ័យផ្សេងៗរួចអស់ហើយ។

បើនិយាយពីតម្លៃជ្រូករស់របស់ប្រទេសជិតខាងកម្ពុជា ដែលនាំចូលពីថៃដូចគ្នាមានដូចជា ភូមា វៀតណាម និងឡាវ គឺតម្លៃជ្រូករស់របស់យើងថ្លៃជាងគេ ៣០០០ទៅ ៤០០០រៀលក្នុង១គីឡូក្រាម ដូច្នេះបើតាមគោលការណ៍ ដែលក្រសួងចេញឲ្យក្រុមហ៊ុន៣ សរុបប្រមាណ២៨០០ក្បាលក្នុង១ថ្ងៃនោះ គឺកម្ពុជាខាតបង់៖ (២៨០០ x ១០០x ៤,២០០រៀល x ៣៦៥ថ្ងៃ) = ៤២៩,២៤០,០០០,០០០រៀល = ១០៧,៣១០,០០០ដុល្លារ ក្នុង១ឆ្នាំ គិតតាមតម្លៃជាក់ស្តែងក្នុងសប្តាហ៍។

បញ្ហាការនាំចូលជ្រូករស់ពីប្រទេសថៃ ចូលមកម្ពុជានេះ បានកើតឡើងជាដដែលៗមិនចប់មិនហើយសោះ ចាប់តាំងពីឆ្នាំមុនមកដល់ពេលនេះ ពាក់ព័ន្ធការប្រមូលការ នាំចូលផ្តាច់មុខ ធ្វើឲ្យទីផ្សារតម្លៃសាច់ជ្រូកនេះឡើងថ្លៃជាបន្តបន្ទាប់។

មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ដើម្បីបញ្ចប់បញ្ហាដដែលៗនេះ រាជរដ្ឋាភិបាលគួរបង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឲ្យយ៉ាងណាស្វែងរកការពិត ថាមានការឃុបឃិតគ្នាផ្តាច់មុខ រវាងឈ្មួញនិង កូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្ម នាំឲ្យប្រជាពលរដ្ឋខាតបង់ចំណូលរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗមែនឬយ៉ាងណា? ម្យ៉ាងវិញទៀត ប្រសិនបើសិក្សារកឃើញថា កម្ពុជាពិតជាមានសមត្ថភាព ក្នុងការផ្គត់ផ្គង់ជ្រូកក្នុងទីផ្សារ ក្នុងស្រុកគ្រប់គ្រាន់ហើយនោះ សូមបិទការនាំចូលទាំងស្រុងតែ ម្តងទៅ ដើម្បីកុំឲ្យកើតបញ្ហាដដែលៗ និងប៉ះពាល់ការចិញ្ចឹមក្នុងស្រុក។

ជាការឆ្លើយតបចំពោះការចោទប្រកាន់នេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះថា “ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ ។ សំខាន់ទាក់ទងទៅនឹងតម្លៃ វាអាស្រ័យទៅលើការចិញ្ចឹមក្នុងស្រុក និងការចាត់ចែងរបស់ទីផ្សារសេរី ជាពិសេសមានក្រសួងពាណិជ្ជកម្ម គេតាមមើលជាប្រចាំ ។ ក្រសួងកសិកម្ម គ្មានសិទ្ទិទេ”។
ចំណែកលោកលោកឧកញ៉ា លឹម សុផល និងលោកសៀក ឡេង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×